MacKenzie Scott ដែលជាអតីតភរិយារបស់មហាសេដ្ឋី Jeff Bezos និងជាមហាសេដ្ឋិនីម្នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក បានរៀបអាពាហ៍ពិពាហ៍ជាមួយ Dan Jewett ដែលជាគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ។
លោក Jewett កំពុងបង្រៀននៅសាលាឯកជន Lakeside School នៅក្នុងទីក្រុង Seattle។ ថ្មីៗនេះ បុរសរូបនេះបាននិយាយដល់អាពាហ៍ពិពាហ៍របស់ខ្លួននៅគេហទំព័រ Giving Pledge ដែលជាអង្គការមួយត្រូវបានបង្កើតឡើងដោយមូលនិធិ Bill & Melinda Gates និងលោក Warren Buffett ដើម្បីជំរុញឱ្យក្រុមមហាសេដ្ឋី ចូលរួមធ្វើកិច្ចការមនុស្សធម៌។
នៅលើទំព័រ Giving Pledge កាលពីថ្ងៃទី 6 មីនា លោក Jewett បានសរសេរថា៖ «នៅក្នុងសុភមង្គលដ៏ចៃដន្យមួយ ខ្ញុំបានរៀបការជាមួយស្ត្រីម្នាក់ក្នុងចំណោមអ្នកដែលមានចិត្តទូលាយ និងចិត្តល្អបំផុតដែលខ្ញុំធ្លាប់បានជួប។ ខ្ញុំ និងនាង សន្យាថានឹងបរិច្ចាគទ្រព្យយ៉ាងច្រើនដើម្បីជួយដល់អ្នកដទៃ»។
យោងតាម Washington Post មហាសេដ្ឋិនី Scott ទំនងជាបានជួបលោក Jewett នៅសាលា Lakeside School ព្រោះកូនៗរបស់អ្នកស្រីកំពុងរៀននៅទីនោះ។ មហាសេដ្ឋី Bill Gates ក៏ធ្លាប់បានរៀននៅសាលារៀននេះដែរ។
ឆ្នាំនេះ អ្នកស្រី Scott មានអាយុ 50 ឆ្នាំ។ អ្នកស្រីគឺជាអ្នកមានជាងគេលំដាប់ទី 22 ក្នុងពិភពលោក ដោយមានទ្រព្យសរុប 53.5 ពាន់លានដុល្លារអាមេរិក នេះបើតាមសារព័ត៌មាន Bloomberg។ ក្រោយពីបានលែងលះគ្នាជាមួយនឹងមហាសេដ្ឋី Jeff Bezos កាលពីឆ្នាំ 2019 អ្នកស្រី Scott ក៏បានក្លាយជាសប្បុរសជនមួយរូបដែលមានឥទ្ធិពលជាងគេនៅក្នុងជំនាន់របស់ខ្លួន។
កាលពីឆ្នាំទៅ អ្នកស្រី Scott បានបរិច្ចាគប្រាក់ 6 ពាន់លានដុល្លារអាមេរិក។ គោលដៅមនុស្សធម៌របស់អ្នកស្រី ភាគច្រើនផ្ដោតលើអង្គការមនុស្សធម៌តូច។ អ្នកស្រីក៏ធ្លាប់បានអំពាវនាវឱ្យក្រុមរបស់អ្នកស្រី រិះរកវិធីដើម្បីធ្វើកិច្ចការមនុស្សធម៌ឱ្យបានលឿនផងដែរ។
«Dan គឺជាបុរសម្នាក់ដ៏អស្ចារ្យ ហើយខ្ញុំចូលរួមអបអរសាទរចំពោះពួកគេ» Bezos បាននិយាយដូច្នេះនៅក្នុងប្រកាសមួយដែលត្រូវបានលើកឡើងដោយអ្នកនាំពាក្យរបស់ Amazon កាលពីពេលថ្មីៗនេះ។ មហាសេដ្ឋី Bezos បច្ចុប្បន្នជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ដោយមានទ្រព្យសរុប ជាង 176.6 ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា