ហាងកាហ្វេឈ្មោះ Black Madonna មានទីតាំងស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្ររបស់រដ្ឋធានី Prague នៃសាធារណរដ្ឋឆេក កំពុងលក់នំជាច្រើនប្រភេទ ក្នុងនោះមានទាំងនំ cake ដែលមានរូបរាងដូចវីរុស Covid-19 និងវ៉ាក់សាំងផងដែរ។
ហាងខាងលើនេះ ធ្លាប់ជាកន្លែងមួយដែលបានឧទ្ទេសនាមនំ cake ដែលមានរូបរាងដូចវីរុស Corona កាលពីរដូវស្លឹកឈើជ្រុះនាឆ្នាំ 2020។ បច្ចុប្បន្ន ហាងនេះមានលក់ «ថ្នាំព្យាបាលជំងឺឃ្លាន» ដ៏គួរឱ្យចាប់អារម្មណ៍ នោះគឺបង្អែមលាងមាត់ដែលមានរស់ជាតិស្ត្រូបូរី និងចេក និងមានរូបរាងជាវ៉ាក់សាំងគួរឱ្យចង់ទទួលទាន។
បង្អែមនេះមានឈ្មោះថា Vaccine Cake។ Olga Budnik ដែលជាអ្នកធ្វើនំនេះ និយាយថា៖ «នេះគឺជាបង្អែមលាងមាត់ធ្វើអំពីស្រទាប់នំពងទាទន់ស្ដើង និងស្នូលធ្វើអំពីស្ត្រូបូរី និងចេក»។
ចំណែកអតិថិជនម្នាក់មានឈ្មោះថា Tatiana Rysko និយាយថា៖ «ខ្ញុំបានទិញនំទាំងពីរប្រភេទ នោះគឺ វីរុស និងវ៉ាក់សាំង។ ខ្ញុំបានភ្លក់នំវីរុសហើយ ខ្ញុំចូលចិត្តវាណាស់។ ខ្ញុំក៏ចង់ភ្លក់នំវ៉ាក់សាំងវិញម្ដង ខ្ញុំកំពុងរង់ចាំ»៕
ប្រភព៖ RT, Yahoo
ប្រែសម្រួល៖ បុត្រា