Skip to content

Mayweather នឹង​ទទួលបាន​តម្លៃ​ខ្លួន​ច្រើនជាង McGregor ពីរដង ពេល​ប៉ះគ្នា​ថ្ងៃ​សៅរ៍​នេះ

រយៈពេល2ឆ្នាំ ក្រោយពី​ការចូលនិវត្តន៍​ពី​កីឡាប្រដាល់ កីឡាករ Floyd Mayweather នឹងត្រូវ​វិល​ទ​មកកាន់​សង្វៀន​ប្រកួត​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ (ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា) ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ និង​ទទួលបាន​ប្រាក់​តម្លៃ​ខ្លួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ម្តងទៀត។

អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់ 66.7គីឡូក្រាម​វ័យ 40ឆ្នាំ​រូបនេះ នឹង​ក្លាយជា​កីឡាករ​ប្រដាល់​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុងការ​កត់ត្រា​ជ័យជម្នះ​ដល់​ទៅ 50លើក ប្រសិនបើ​រូបគេ​អាច​យកឈ្នះ​លើ​អ្នក​ប្រយុទ្ធ​ក្បាច់គុន​ចម្រុះ  Conor McGregor ដែល​ធ្វើការ​ប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ។ បើទោះបីជា​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ផ្សេងគ្នា​ក៏ដោយ ប៉ុន្តែ​កីឡាករ​ទាំងពីរ​នឹងត្រូវ​ប្រកួត​គ្នា​ក្រោម​ច្បាប់​កីឡាប្រដាល់​អាជីព​រយៈពេល12ទឹក​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈដែល McGregor សញ្ជាតិ​អៀរ​ឡង់ ត្រូវបាន​គេ​រំពឹងទុក​ថា ជា​កីឡាករ​មាន​ក្តីសង្ឃឹម​តិច​ណាស់​ក្នុងការ​ឈ្នះ​ការប្រកួត​នេះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ម្ចាស់​ខ្សែក្រវាត់​ពីរ​សម័យកាល​របស់​ស្ថាប័ន​រៀបចំ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ UFC របស់​អាមេរិក​រូបនេះ បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា រូបគេ​នឹង​បំបាក់​ឆ្អឹង​របស់ Mayweather ហើយ​និង​បញ្ចប់​ការប្រកួត​នៅត្រឹម​ទឹក​ទី1 ឬ​ទឹក​ទី2ប៉ុណ្ណោះ។

McGregor វ័យ 29ឆ្នាំ មានកំណត់​ត្រា​ឈ្នះ​ក្នុងការ​ប្រកួត​វាយ​ដាក់​ទ្រុង​ចំនួន21លើក ចាញ់ 3លើក ក្នង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់18លើក។ ជាមួយគ្នានេះដែរ មានមតិ​ជាច្រើន​ទៅលើ​តម្លៃ​ខ្លួន​របស់​កីឡាករ​ទាំងពីរ​សម្រាប់​ការប្រកួត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ បើ​យោងទៅតាម​ការ​ព្យាករ​នានា  Mayweather អាចនឹងទទួល​បាន​តម្លៃ​ខ្លួន 200លាន​ដុល្លារ​អាមេរិក ខណៈដែល McGregor នឹង​ទទួលបាន 100លាន​ដុល្លារ​អាមេរិក៕

ប្រភពពី៖ ESPN

Leave a Reply

Your email address will not be published. Required fields are marked *