លេខគណនីធនាគារដែលដូចទៅនឹងលេខទូរស័ព្ទដៃ ត្រូវបានគេយល់ថា មានភាពងាយស្រួលក្នុងការចងចាំ និងមិនបង្កការលំបាកក្នុងការវេរលុយម្ដង។
យោងតាមប្រភពព័ត៌មានពីធនាគាររបស់កងទ័ពវៀតណាម MB Bank (Vietnam’s Military Commercial Joint-Stock Bank) នៅប្រទេសវៀតណាម ក្នុងខែមីនានេះ ធនាគារនឹងអនុញ្ញាតឱ្យអតិថិជនជ្រើសរើសលេខគណនីដូចទៅនឹងលេខទូរស័ព្ទដៃរបស់ពួកគេ។
ដូច្នេះ អតិថិជននឹងមិនចាំបាច់ចងចាំលេខគណនីដ៏វែង (13លេខ) ដូចមុនទៀតហើយ ដោយគ្រាន់តែយកលេខទូរស័ព្ទផ្ទាល់ខ្លួនធ្វើជាលេខគណនី។ អតិថិជនក៏មិនចាំបាច់ទៅកាន់ធនាគារនេះដោយផ្ទាល់ ព្រោះអាចប្រើប្រាស់កម្មវិធី (App) របស់ធនាគារនេះនៅលើទូរស័ព្ទដៃ។
កន្លងមក ធនាគាររបស់កងទ័ពវៀតណាមមួយនេះក៏ធ្លាប់បានអនុវត្តកម្មវិធីជាច្រើនទាក់ទងនឹងលេខគណនីល្អៗផងដែរដើម្បីទាក់ទាញអតិថិចន។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ MB ប្រាក់បញ្ញើរបស់អតិថិជននៅធនាគារនេះកាលពីថ្ងៃទី 31 ខែធ្នូ 2020 មានចំនួន 310,960 ពាន់លានដុង (13,392,021,032 ដុល្លារអាមេរិក) កើន 14% ធៀបនឹងដើមឆ្នាំ។ MB Bank ចំណេញបាន 310,960 ពាន់លានដុង (460,296,889 ដុល្លារអាមេរិក) កើន 6.5% ធៀបនឹងឆ្នាំ 2019៕
ប្រភព៖ CB