យោងតាម Hurun (Hurun Global Rich List) ចិនគឺជាប្រទេសដំបូងគេក្នុងពិភពលោកដែលមានមហាសេដ្ឋីដុល្លារច្រើនជាង 1,000 នាក់ ក្នុងនោះ មានមហាសេដ្ឋីថ្មីជាង 200 នាក់ បានបង្ហាញខ្លួននៅប្រទេសនេះនាឆ្នាំ 2020។
សារព័ត៌មាន AFP ដកស្រង់របាយការណ៍របស់ Hurun បានបង្ហាញថា ក្នុងឆ្នាំ 2020 អ្នកមានចំនួន 259 នាក់ បានក្លាយជាមហាសេដ្ឋីដុល្លារនៅប្រទេសចិន។ ដូច្នេះ បច្ចុប្បន្ន ប្រទេសចិនមានមហាសេដ្ឋីសរុបចំនួន 1,059នាក់។ សហរដ្ឋអាមេរិកជាប់លេខ 2 ដោយមានមហាសេដ្ឋីសរុបចំនួន 696 នាក់ ក្នុងនោះមានមហាសេដ្ឋីថ្មីចំនួន 70 នាក់។
តួលេខមហាសេដ្ឋីនៅប្រទេសចិន បានកើនជិតទ្វេដងនៅក្នុងអំឡុង 5 ឆ្នាំកន្លងទៅនេះ។ អ្នកមានជាងគេបង្អស់នៅប្រទេសចិននាបច្ចុប្បន្នគឺលោក Zhong Shanshan ជាថៅកែក្រុមហ៊ុនផលិតភេសជ្ជ Nongfu។ ដោយមានទ្រព្យសរុប 74 ពាន់លានដុល្លារ លោក Zhong គឺជាអ្នកមានជាងគេលំដាប់ទីពីរនៅក្នុងទ្វីបអាស៊ី ឈរពីក្រោយមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ដែលមានទ្រព្យសរុប 81.2 ពាន់លានដុល្លារអាមេរិក។
ពិភពលោកបច្ចុប្បន្នមានមហាសេដ្ឋីចំនួន 3,228 នាក់ កាន់កាប់ក្រុមហ៊ុនចំនួន 2,402 ស្ថាប័ន នៅក្នុងប្រទេសចំនួន 68។ នៅប្រទេសចិន រដ្ឋធានីប៉េកាំង មានមហាសេដ្ឋីចំនួន 145 នាក់ រីឯទីក្រុងសៀងហៃឈរលេខ 2 ដោយមានមហាសេដ្ឋី 113 នាក់ ចំណែកទីក្រុង សិនជិន (Shenzhen) មាន 105 នាក់ ខណៈហុងកុងមាន 82 នាក់។
យោងតាម Bloomberg Billionaires Index អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon លោក Jeff Bezos បច្ចុប្បន្ន (ថ្ងៃទី 5 មីនា 2021) ជាអ្នកមានជាងគេក្នុងពិភពលោក ដោយមានទ្រព្យសរុបចំនួន 175 ពាន់លានដុល្លារ។ ឈរលំដាប់លេខ 2 គឺអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ដោយមានទ្រព្យសរុប 162 ពាន់លានដុល្លារ។ ចំណែកលេខ 3 គឺលោក Bill Gates មាន 134 ពាន់លានដុល្លារ៕
ប្រភព៖ AFP, Bloomberg
ប្រែសម្រួល៖ បុត្រា