វីរុសមហារាតត្បាត Covid-19 បាននាំឱ្យមនុស្សម្នាជ្រើសរើសវិធីទិញទំនិញតាមអនឡាញ ចំណែកក្រុមហ៊ុនជាច្រើនក៏បានអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយ ដែលនេះបាន និងកំពុងនាំមកនូវឱកាសយ៉ាងប្រសើរដល់ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos។
ក្រុមហ៊ុន Amazon មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 2 ដែលកំពុងរកចំណាយបានច្រើនជាងគេ រួមមាន ផ្សារអនឡាញ Amazon និងក្រុមហ៊ុនផ្ដល់សេវាកម្មព័ត៌មានវិទ្យា Amazon Web Services (AWS)។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី 4 ដែលត្រូវបានប្រកាសកន្លងមក បានបង្ហាញថា ជាលើកដំបូងហើយដែលប្រាក់ចំណូលរបស់ Amazon បានលោតផុតចំណុច 100 ពាន់លានដុល្លារអាមេរិក។
គិតត្រឹមចុងខែមីនានេះ Amazon គ្រោងនឹងរកបានចំណូលចាប់ពី 100-106 ពាន់លានដុល្លារ និងចំណេញចាប់ពី 3-6.5 ពាន់ដុល្លារ។ ប៉ុន្តែ ក្រុមអ្នកវិភាគបានព្យាករថា ប្រាក់ចំណូលជាមធ្យមនៅក្នុងត្រីមាសទីមួយរបស់ Amazon នាឆ្នាំនេះ នឹងបានត្រឹមតែ 95.72 ពាន់លានដុល្លារប៉ុណ្ណោះ ខណៈប្រាក់ចំណេញនឹងបានត្រឹម 6.07 ពាន់លានដុល្លារ។
ប្រការដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុខាងលើ នោះគឺថា ប្រាក់ចំណូលជាមធ្យមក្នុងមួយថ្ងៃរបស់ក្រុមហ៊ុននេះ ខ្ពស់ជាង 1 ពាន់លានដុល្លារទៅទៀត។ បច្ចុប្បន្ន ក្នុងចំណោមក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក មានតែក្រុមហ៊ុនលក់រាយ Wal-Mart តែមួយគត់ដែលរកបានចំណូលប្រហាក់ប្រហែលនេះ។ កាលពីអតីតកាល ឯតទគ្គកម្មនេះបានទៅលើ ExxonMobil ដែលជាក្រុមហ៊ុនសាជីវកម្មប្រេងពហុជាតិរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុង Irving រដ្ឋ Texas។
យោងតាមរបាយការណ៍របស់ EMarketer ការចំណាយតាមរយៈអនឡាញរបស់ជនជាតិអាមេរិកាំងនៅក្នុងឆ្នាំ 2021 នេះ នឹងឡើងដល់ 843.0 ពាន់លានដុល្លារ កើន 6.1% បើធៀបនឹងឆ្នាំ 2020។ ប៉ុន្តែ នៅពេលស្ថានភាព Covid-19 បានល្អប្រសើរឡើងវិញ កំណើននៃការទិញដូរតាមអនឡាញនឹងត្រូវថយចុះមិនខាន ហើយពេលនោះ ប្រាក់ចំណូលរបស់ Amazon ក៏អាចនឹងត្រូវថយចុះ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា