យានអវកាសគំរូសាកល្បង Starship SN10 របស់មហាសេដ្ឋីអាមេរិក Elon Musk ដែលបានផ្ទុះខ្ទេចខ្ទីនៅលើទីលានចុះចត ក្នុងតំបន់ Boca Chica នៃរដ្ឋ Texas អាចកើតឡើងដោយសារបញ្ហាហៀរប្រេង។
យានអវកាស Starship SN10 បានចុះចតដោយជោគជ័យក្រោយពីបានហោះសាកល្បងទៅកាន់រយៈកម្ពស់ខ្ពស់កាលពីថ្ងៃទី 3 មីនា ដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអវកាស SpaceX។ ក៏ប៉ុន្តែ យានអវកាសនេះបានផ្ទុះខ្ទេចខ្ទីគ្មានសល់ ក្រោយការចុះចតដោយជោគជ័យបានប្រហែល 8 នាទី។
យានអវកាស SN10 ដែលត្រូវបានច្នៃពីដែកអ៊ីណុកនេះ ត្រូវបានបាញ់បង្ហោះពីមូលដ្ឋានរបស់ SpaceX នៅក្នុងរដ្ឋ Texas ខាងត្បូង នាវេលាម៉ោង 6:15នាទីយប់នៃថ្ងៃទី 3 មីនា (ម៉ោង 6:15 នាទីព្រឹក ថ្ងៃទី 4 មីនា នៅភ្នំពេញ) និងបានហោះឡើងដល់កម្ពស់ 10 គីឡូម៉ែត្រ រួចក៏ទម្លាក់ខ្លួនចុះមកកាន់ផែនដីបានយ៉ាងល្អ ក្រោយហោះឡើងបាន 6នាទី និង 20វិនាទី។ នេះគឺជាលើកទីបីហើយដែល Starship បានហោះឡើងទៅកាន់កម្ពស់ខ្ពស់ដូច្នេះ ប៉ុន្តែជាលើកដំបូងដែលយានអវកាសនេះបានចុះចតដោយជោគជ័យ។ ក៏ប៉ុន្តែ ក្រោយពីបានចុះចតដល់ដីបានជោគជ័យ អណ្ដាតភ្លើងក៏ឆាបឆេះនៅត្រង់ជើងយាន SN10 ហើយក៏បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា។
កំណែយានអវកាស SN8 និង SN9 ដែលជារៀមច្បងរបស់ SN10 ត្រូវបានបាញ់បង្ហោះសាកល្បងជាបន្តបន្ទាប់នៅថ្ងៃទី 9 ធ្នូ 2020 និងថ្ងៃទី 2 កុម្ភៈ 2021 សុទ្ធតែបានហោះឡើងដោយជោគជ័យ ប៉ុន្តែបានចុះចតដោយបរាជ័យ ដោយសារផ្ទុះឆេះជាបំណែកក្នុងពេលចុះចត។
SpaceX កំពុងអភិវឌ្ឍយានអវកាស Starship ដើម្បីដឹកមនុស្ស និងសម្ភារឡើងទៅកាន់ឋានព្រះចន្ទ ព្រះអង្គារ និងទីអវកាសឆ្ងាយៗផ្សេងទៀត។ ប្រព័ន្ធរបស់ Starship រួមមាន យានអវកាសកម្ពស់ 50 ម៉ែត្រដែលមានឈ្មោះថា Starship និងកាំជ្រួចរុញច្រានដ៏ធំមួយគ្រឿង ឈ្មោះ Super Heavy។ Starship និង Super Heavy សុទ្ធតែត្រូវបានរចនាឡើងដើម្បីអាចប្រើប្រាស់ឡើងវិញបានទាំងស្រុង និងឆាប់រហ័ស៕
ប្រភព៖ Space
ប្រែសម្រួល៖ បុត្រា