ស្ថាបនិករបស់ Alibaba និង Ant Group លោក Jack Ma បានបាត់បង់តំណែងជាអ្នកមានជាងគេបង្អស់នៅប្រទេសចិន នៅក្នុងបញ្ជីចំណាត់ថ្នាក់ថ្មីមួយដែលទើបត្រូវបានប្រកាសកាលពីថ្ងៃទី 2 មីនា ឆ្នាំ 2021។
លោក Jack Ma និងគ្រួសារ ធ្លាប់កាន់កាប់តំណែងអ្នកមានជាងគេនៅប្រទេសចិន នៅក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមានទូទាំងពិភពលោករបស់ Hurun (Hurun Global Rich List) កាលពីឆ្នាំ 2019 និង 2020។ ប៉ុន្តែ នាពេលបច្ចុប្បន្ន (3មីនា 2021) លោកបានធ្លាក់មកនៅត្រឹមលេខ 4 ទៅវិញ។
Hurun បានឱ្យដឹងថា ការដែលលោក Jack Ma បានធ្លាក់ពីតំណែងអ្នកមានជាងគេលំដាប់ទី 3 នៅប្រទេសចិននេះ បានកើតឡើងក្រោយពីអាជ្ញាធរចិនត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើសកម្មភាពរបស់ក្រុមហ៊ុន Ant Group និង Alibaba ដោយសារមានការបារម្ភអំពីបញ្ហារកស៊ីផ្ដាច់មុខ។ បើទោះជាទ្រព្យសម្បត្តិបានកើនបន្ថែម 22% នាំឱ្យទ្រព្យសរុបឡើងដល់ 55.6 ពាន់លានដុល្លារ ប៉ុន្តែ Jack Ma នៅតែមិនអាចរក្សាបានចំណាត់ថ្នាក់លេខ 1 របស់ខ្លួននៅក្នុងបញ្ជីប្រចាំឆ្នាំរបស់ Hurun។
សំណាងអាក្រក់កាលពីពេលថ្មីៗនេះ បានកើតឡើងជាបន្តបន្ទាប់ចំពោះលោក Jack Ma ចាប់តាំងពីលោកបានរិះគន់ចំពោះប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីខែតុលា 2020។ ជាលទ្ធផល ព្រឹត្តិការណ៍ IPO ដែលមានតម្លៃ 37 ពាន់លានដុល្លាររបស់ Ant Group ត្រូវបានពន្យារពេលអស់ជាច្រើនថ្ងៃ មុននឹងមានវត្តមាននៅលើផ្សារហ៊ុន។ មកដល់ខែធ្នូ ឆ្នាំ 2020 ក្រុមហ៊ុន Alibaba ក៏ត្រូវបានស៊ើបអង្កេតទាក់ទងនឹងបញ្ហារកស៊ីផ្ដាច់មុខ។
ក្រោយមក ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសចិន ក៏បានរឹងបន្តឹងលើការត្រួតពិនិត្យចំពោះក្រុមហ៊ុន Alibaba រួមនឹងវិស័យបច្ចេកវិទ្យាទាំងមូលរបស់ប្រទេសនេះផងដែរ។ អាជ្ញាធរបានបង្ខំឱ្យ Ant Group កែទម្រង់មុខជំនួញរបស់ខ្លួន។ ពួកគេក៏បន្តចេញអនុក្រឹត្យថ្មីជាច្រើន បង្ខំឱ្យ Ant Group វិលត្រលប់ទៅរកធាតុដើម នោះគឺក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូទាត់ប្រាក់។ សេវាកម្មផ្សេងៗទៀតរបស់ Ant មានដូចជា ធនាគារអនឡាញ ធានារ៉ាប់រង គ្រប់គ្រងទ្រព្យ និងឈ្មួលកណ្ដាលផ្នែកហិរញ្ញវត្ថុក៏នឹងត្រូវបង្ខំឱ្យបែងចែកដាច់ដោយឡែកយ៉ាងច្បាស់លាស់។ ប្រការនេះនឹងជួយឱ្យអាជ្ញាធរចិន ងាយស្រួលក្នុងការគ្រប់គ្រងសកម្មភាពរបស់ Ant Group។
បន្ទាប់ពីមានដំណឹងមិនល្អខាងលើ Jack Ma ក៏ស្រាប់តែបានបាត់ខ្លួនអស់រយៈពេលប្រហែលជា 3 ខែ ប៉ុន្តែ ក៏បានបង្ហាញខ្លួនជាថ្មីកាលពីខែមករា 2021។
អ្នកមានជាងគេលំដាប់ទី 1 នៅប្រទេសនាពេលបច្ចុប្បន្នគឺលោក Zhang Shanshan ដែលជាស្ថាបនិកនៃក្រុមហ៊ុនផលិតភេសជ្ជ និងទឹកបរិសុទ្ធ Nongfu Spring ។ លោក Shanshan បានឡើងកាន់កាប់តំណែងនេះជាលើកដំបូង ជាមួយនឹងទ្រព្យតម្លៃ 550 ពាន់លានយុន (85 ពាន់លានដុល្លារអាមេរិក)។ ទ្រព្យរបស់លោក ភាគច្រើនបានមកពីមូលបត្ររបស់ក្រុមហ៊ុន Nongfu Spring និងក្រុមហ៊ុនផលិតវ៉ាក់សាំង Beijing Wantai Biological Pharmacy Enterprise ដែលលោកជាអ្នកគ្រប់គ្រង។
មហាសេដ្ឋី Pony Ma ដែលជាស្ថាបនិកនៃក្រុមហ៊ុន Tencent ឈរលំដាប់លេខ 2 ដោយមានទ្រព្យសរុប 74 ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានកើន 70% ក្នុងឆ្នាំ 2020។ ចំណែកចំណាត់ថ្នាក់លេខ 3 បានទៅមហាសេដ្ឋី Collin Huang ដែលជា CEO របស់ក្រុមហ៊ុនអេឡិចត្រូនិក Pinduoduo ដោយមានទ្រព្យសរុបចំនួន 69.5 ពាន់លានដុល្លារអាមេរិក។
Zhang Yiming ស្ថាបនិករបស់ក្រុមហ៊ុន ByteDance ដែលជាភាគីគ្រប់គ្រងបណ្ដាញសង្គម TikTok ក៏បានហក់ឡើងកាន់កាប់ចំណាត់ថ្នាក់លេខ 5 នៅក្នុងបញ្ជីរបស់ Hurun ដោយមានទ្រព្យសរុបចំនួន 54 ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា