ព័ត៌មានផ្លូវការពីក្រុមហ៊ុនទឹកសុទ្ធ ដឺផ្លាទីនីម ព្រីមៀមវ័ធធើ (The Platinum Premium Water) បាន បញ្ជាក់ថា អ្នកនាង ខាត់ សុឃីម ទើបតែចុះហត្ថលេខាលើកិច្ចសន្យាធ្វើជា Brand Ambassador ឱ្យផលិតផលមួយនេះ ផ្ដាច់មុខពេញរយៈពេល5ឆ្នាំ។
វាក្លាយជារឿងធម្មតាទៅហើយសម្រាប់តារាកម្ពុជាដែលមានឱកាសបានក្លាយជា Brand Ambassador ឱ្យផលិតផលនេះផលិតផលនោះ ប៉ុន្ដែលោកអ្នកពិតជាភ្ញាក់ផ្អើលមិនខាននៅពេលដឹងពីតម្លៃខ្លួនរបស់តារាស្រីរូបនេះ។
តាមការបង្ហើបព័ត៌មានមកឱ្យដឹងថា តារាចាស់វស្សារូបនេះស៊ីថ្លៃរហូតដល់ក្នុងរង្វង់10ម៉ឺនដុល្លារ។ ជាតម្លៃស្ប៉តពាណិជ្ជកម្មមិនធម្មតាមួយ ដែលគេកម្របានឃើញតារាសិល្បៈណាទទួលបានណាស់។ សឹងតែអាចនិយាយបានថា តារាស្រីក្មេងល្បីៗនៅក្នុងប្រទេសកម្ពុជាពុំទាន់មាននរណាទទួលបានឡើយក្រៅពីលោកព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា។
អ្នកនាង ខាត់ សុឃីម ប្រាប់ថា កន្លងមកមិនដែលមានផលិតផលណាមួយជ្រើសយកអ្នកនាងធ្វើជាតំណាងផ្ដាច់មុខ ឬហៅថា Brand Ambassador តំណាងផលិតផលរហូតដល់5ឆ្នាំនោះទេ។នាងបញ្ជាក់ថា នាងមានការភ្ញាក់ផ្អើលមែនទែននៅពេលក្រុមហ៊ុនទឹកសុទ្ធ The Platinum Premium Water ជ្រើសយកនាងឱ្យធ្វើកុងត្រា ដែលគ្រាន់តែបានឮតម្លៃក្នុងការងារនេះភ្លាម ក៏អរស្ទើរនិយាយលែងចេញទៅហើយ ដោយអ្នកនាងបានចាត់ទុកថា ទទួលបានទាំងកិត្តិយស ទាំងតម្លៃខ្លួនខ្ពស់មិនធម្មតាទៀត។
ទោះបីជាគ្មានការបង្ហើបប្រាប់ពីតម្លៃខ្លួនពិតប្រាកដសម្រាប់ការងារដែលបានកុងត្រាផ្ដាច់មុខក្នុងរយៈពេល5ឆ្នាំក្ដី ប៉ុន្តែយោងតាមប្រភពចេញពីតំណាងក្រុមហ៊ុនបានអះអាងថា អ្នកនាងនឹងទទួលបានតម្លៃខ្លួនរហូតដល់10ម៉ឺនដុល្លារ ដោយថវិកាដែលអ្នកនាងទទួលបាននោះគឺក្រុមហ៊ុននឹងប្រគល់ឱ្យផ្ដាច់ ដោយមិនឱ្យជាដំណាក់ៗនោះឡើយ។ ទោះយ៉ាងណាអ្នកនាងខាត់ សុឃីម ក៏ពុំបានបដិសេធពីតួលេខនៃចំនួនប្រាក់តម្លៃខ្លួននោះដែរ៕
ក្នុងអំឡុង5ឆ្នាំនេះ អ្នកនាង ខាត់ សុឃីម ត្រូវបង្ហាញមុខថតហ្វិក្ស៍ និងថតស្ប៉តឱ្យក្រុមហ៊ុនរៀងរាល់3ខែម្ដង និងសកម្មភាពការងារណាដែលមិនមានចែងក្នុងកិច្ចសន្យា ហើយតម្រូវឱ្យអ្នកនាងធ្វើ គឺអ្នកនាងនឹងត្រូវទទួលបានកម្រៃបន្ថែម៕