ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ស្រុកក្រូចឆ្មារនៃខេត្តត្បូនឃ្មុំ ជាមួយនឹងស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាម ត្រូវបានស្ថាបនារួចរាល់ប្រមាណជាង 90%។ តាមគម្រោង ស្ពាននេះនឹងត្រូវដាក់ឱ្យធ្វើចរាចរណ៍មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំ 2021 នេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបន្តថា មកដល់បច្ចុប្បន្ន ស្ពាននេះត្រូវបានសាងសង់រួចរាល់ប្រមាណ 96% ហើយថា នឹងត្រូវដាក់ឱ្យធ្វើចរាចរណ៍នៅមុនពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងឆ្នាំ 2021 នេះ។
ស្ពានបេតុងសរសៃដែកដែលមានតម្លៃ 56.998 លានដុល្លារ ប្រវែង 1,131 ម៉ែត្រ និងទទឹងប្រវែង 13.50 ម៉ែត្រនេះ ត្រូវបានសាងសង់ចាប់ពីដើមខែកុម្ភៈ ឆ្នាំ 2018។ តាមគម្រោង ការសាងសង់ស្ពាននេះ នឹងស៊ីពេលអស់ 42 ខែ។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឆ្លងកាត់ទន្លេមេគង្គទៅកាន់ត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំ ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនចិន Shanghai Construction Group និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនចិន Guangzhou Wanan Construction Supervision៕