បើទោះជាសេដ្ឋកិច្ចត្រូវបានព្យាករថានឹងដាំក្បាលចុះនៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន (បញ្ចប់នៅក្នុងខែមីនា ឆ្នាំ2021) ប៉ុន្តែ ក្លឹបមហាសេដ្ឋីរបស់ឥណ្ឌា នៅតែកើនឡើង 40 នាក់បន្ថែមទៀងកាលពីឆ្នាំមុន ជួយឱ្យតួលេខសរុបនៃមហាសេដ្ឋីនៅឥណ្ឌា កើនដល់ 177 នាក់។
សារព័ត៌មាន Business Today ដកស្រង់របាយការណ៍របស់ Hurun Global Rich List ដែលបានប្រកាសកាលពីថ្ងៃទី 2 មីនា 2021 ឱ្យដឹងថា លោក Mukesh Ambani នៅតែជាអ្នកមានជាងគេបង្អស់នៃប្រទេសឥណ្ឌា ដោយមានទ្រព្យសុទ្ធសរុប 83 ពាន់លានដុល្លារអាមេរិក។
ទ្រព្យរបស់មេដឹកនាំក្រុមហ៊ុន Reliance Industries បានកើន 24% ក្នុងឆ្នាំ 2020 ដែលនេះបានជួយឱ្យលោកក្លាយជាអ្នកមានជាងគេលំដាប់ទី 8 ក្នុងពិភពលោក។ ចំណែកលោក Gautam Adani ក៏បានក្លាយជាអ្នកមានជាងគេទី 2 នៅឥណ្ឌា បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក បានកើនទ្វេដង ឡើងដល់ 32 ពាន់លានដុល្លារក្នុងឆ្នាំ 2020 និងក្លាយជាអ្នកមានលំដាប់ទី 48 ក្នុងពិភពលោក។ បងប្រុសរបស់ Gautam Adani គឺលោក Vinod Adani ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងដល់ 9.8 ពាន់លានដុល្លារ (កើន 128%) ផងដែរ។
ប្រការដែលគួរចាប់អារម្មណ៍ នោះគឺថា បញ្ជីរាយនាមមហាសេដ្ឋីនៅឥណ្ឌា ត្រូវបានអូសសន្លាយយ៉ាងវែងនៅក្នុងគ្រាដែលសេដ្ឋកិច្ចប្រទេសអាស៊ីខាងត្បូងនេះត្រូវបានគេព្យាករថា នឹងដាំក្បាលចុះជាង 7% ដោយសារតែ Covid-19។
សារព័ត៌មាន PTI News ដកស្រង់សម្ដីរបស់លោក Anas Rahman Junaid ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមស្រាវជ្រាវរបស់ Hurun Global Rich List ប្រចាំឥណ្ឌា យល់ថា ទ្រព្យនៅឥណ្ឌាត្រូវបានបង្កើតឡើងភាគច្រើនគឺអាស្រ័យលើវិស័យឧស្សាហកម្មប្រពៃណី ឬមានលក្ខណជាវដ្ដ ពោលគឺមិនមែនអាស្រ័យលើបច្ចេកវិទ្យាដូចនៅសហរដ្ឋអាមេរិក និងប្រទេសចិននោះឡើយ៕
ប្រភព៖ Business Today
ប្រែសម្រួល៖ បុត្រា