ក្មេងស្រីម្នាក់អាយុ 9 ឆ្នាំម្នាក់ ត្រូវម្ដាយ និងគ្រូមន្តអាគមវាយតប់ជាបន្តបន្ទាប់រហូតនាំឱ្យបាត់បង់ជីវិត ក្នុងពេលពួកគេធ្វើពិធី «ប្ដូរព្រលឹង» នៅទីរួមស្រុក Delgoda នៃប្រទេសស្រីលង្កា។
នគរបាលស្រីលង្កា កាលពីថ្ងៃទី 1 មីនា បានឱ្យដឹងថា បានចាប់ខ្លួនជនសង្ស័យ 2 នាក់ ដែលទាក់ទិននឹងការស្លាប់របស់ក្មេងស្រីខាងលើ រួមមាន គ្រូមន្តអាគម និងម្ដាយរបស់កុមារីនេះ។ ជនសង្ស័យទាំង 2 នាក់នេះ ត្រូវបានគេជឿថា បានវាយតប់កុមារីរងគ្រោះរហូតដល់បាត់បង់ជីវិត នៅក្នុងពិធីបណ្ដេញព្រាយបិសាចនៅក្នុងទីរួមស្រុក Delgoda មានចម្ងាយពីរដ្ឋធានី Colombo ប្រមាណ 40 គីឡូម៉ែត្រទៅទិសឦសាន កាលពីចុងសប្ដាហ៍កន្លងទៅ។
តុលាការបានចេញបញ្ជាឱ្យឃុំខ្លួនបណ្ដោះអាសន្នលើជនសង្ស័យរហូតដល់ថ្ងៃកាត់ក្ដីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី 12 មីនាខាងមុខ។ Ajith Rohana អ្នកនាំពាក្យរបស់នគរបាលក្នុងតំបន់ ឱ្យដឹងថា ម្ដាយរបស់កុមារីរងគ្រោះជឿថា កូនស្រីរបស់ខ្លួនត្រូវខ្មោចចូល ទើបបាននាំនាងទៅជួបគ្រូមន្តអាគមដើម្បី «បណ្ដេញព្រលឹងខ្មោច»។
Ajith Rohana បន្ថែមថា ដំបូង គ្រូចាប់ខ្មោចបានលាបប្រេងខ្យល់លើដងខ្លួនរបស់កុមារីនេះ ហើយក្រោយមកក៏យករំពាត់វាយនាងរហូតដល់សន្លប់។ ក្មេងស្រីរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែ មិនបានប៉ុន្មានម៉ោងក៏បានដាច់ខ្យល់ស្លាប់។ នគរបាលបានធ្វើកោសល្យវិច័យសាកសពកាលពីថ្ងៃទី 1 មីនា។
ប្រភពព័ត៌មានពីប៉ូលិសឱ្យដឹងថា គ្រូចាប់ខ្មោចនេះ បានចូលរួមធ្វើពិធីបណ្ដេញព្រលឹងខ្មោចព្រាយបិសាចជាញឹកញាប់ក្នុងអំឡុងច្រើនខែចុងក្រោយនេះ។ ប៉ូលិសកំពុងស្រាវជ្រាវបន្តដើម្បីឱ្យដឹងថា តើមានអ្នកណាទៀតដែលជាជនរងគ្រោះនៃពិធីឆ្កួតឡប់នេះដែរ ឬអត់៕
ប្រភព៖ AP
ប្រែសម្រួល៖ បុត្រា