ក្រាយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យសិស្សជាច្រើនកំពុងព្រួយបារម្ភ និងពិបាកសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យហើយក៏មិនទាន់ដឹងច្បាស់នៅឡើយថាកម្ពុជាកំពុងត្រូវការធនធានមនុស្សផ្នែកណាខ្លះហើយអាជីពណាខ្លះដែលកំពុងមានទីផ្សារ។
ពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាឯកឧត្តមហង់ជួនណារ៉ុនបានលើកឡើងថាធនធានមនុស្សនៅកម្ពុជាមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារទាំងស្រុងនៅឡើយទេនាពេលបច្ចុប្បន្ននេះដោយសារតែសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សារាប់ម៉ឺននាក់ពុំសូវមានសមត្ថភាព និងគុណភាពគ្រប់គ្រាន់ដើម្បីចូលបម្រើការងារជាពិសេសគឺមិនទាន់មានជំនាញទន់។ ម្យ៉ាងវិញទៀតសិស្សភាគច្រើនចូលចិត្តសិក្សាផ្នែកគ្រប់គ្រងធុរកិច្ចហើយមិនសូវចាប់យកអាជីពបច្ចេកទេសដើម្បីសិក្សានោះឡើយ។
ឯកឧត្តមហង់ ជួនណារ៉ុនបានមានប្រសាសន៍ថា៖ «ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនក្រសួងអប់រំយុវជន និងកីឡានឹងពង្រឹងវិស័យអប់រំតាមរយៈការបង្កើនអភិបាលកិច្ចល្អក្នុងវិស័យអប់រំពង្រឹងគុណភាពគ្រឹះស្ថានសិក្សាបណ្តុះបណ្តាលគ្រូបង្រៀន និងបង្កើនគម្រោងដើម្បីជំរុញឬអប់រំសិស្សឱ្យជ្រើសរើសជំនាញស្របទៅនឹងតម្រូវការនៃទីផ្សារជាពិសេសគឺជំរុញឱ្យសិស្សសិក្សាផ្នែកបច្ចេកទេសឱ្យបានច្រើន»។
បង្ហាញលើចំណុចដូចគ្នានេះឯកឧត្តមពេជ សុភ័នរដ្ឋលេខាធិការក្រសួងការងារបានលើកឡើងថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាខ្វះពលកម្ម និងអ្នកជំនាញផ្នែកបច្ចេកទេស។ ការកើនឡើងនូវភាពមិនស៊ីចង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនេះបណ្តាលមកពីការបណ្តុះបណ្តាលនៅកម្រិតទូទៅ និងកម្រិតបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងបរិមាណ និងគុណភាព។
ឯកឧត្តមមានប្រសាសន៍ថា៖«តាមការព្យាករសមាហរណកម្មសេដ្ឋកិច្ចអាស៊ានអាចនឹងមានការកើនឡើងច្រើននូវតម្រូវការពលកម្មជំនាញជាពិសេសក្នុងវិស័យសំណង់ និងកសិកម្មបើទោះបីជាមានការបើកឱ្យមានលំហូរពលកម្មដោយសេរីនូវពលកម្មជំនាញមួយចំនួនដូចជាវិស្វកម្មគិលានុបដ្ឋាកសេវាវាស់ស្ទង់វិជ្ជាពេទ្យទន្តពេទ្យសេវាកម្មគណនេយ្យ និងអ្នកឯកទេសទេសចរណ៍ជាដើម»។
ឯកឧត្តមពេជ សុភ័នបានបន្ថែមទៀតថា តាមរយៈការយកចិត្តទុកដាក់លើការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាក្នុងវិស័យមួយចំនួនដូចជាគ្រឿងយន្ត និងមេកានិកអេឡិចត្រូនិកកសិឧស្សាហកម្ម និងការវិនិយោគដែលមានតម្លៃខ្ពស់បន្ថែមលើការវិនិយោគលើឧស្សាហកម្មដែលមានស្រាប់ដើម្បីផ្តល់ឱកាសការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋនិងធានាបាននូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕