ក្នុងរយៈពេលជាង 10 ឆ្នាំ រាប់ចាប់ពី Bitcoin បានបង្ហាញខ្លួនលើកដំបូង អត្តសញ្ញាណរបស់ស្ថាបនិកនៅពីក្រោយរូបិយវត្ថុអេឡិចត្រូនិកនេះ នៅតែជាអាថ៌កំបាំងសម្រាប់ពិភពលោកទាំងមូល។
ឆ្នាំ 2007 សេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ដោយមូលហេតុដំបូងគឺការដួលរលំរបស់ Lehman Brothers ដែលជាធនាគារធំជាងគេលំដាប់ទីបួននៅសហរដ្ឋអាមេរិកកាលពីជំនាន់នោះ។ បន្ទាប់មកគឺជាការដាំក្បាលចុះរបស់ផ្សារមូលបត្រ និងធនាគារជាច្រើន រួមនឹងបណ្ដាក្រុមហ៊ុនធំៗ ត្រូវក្ស័យធនជាបន្តបន្ទាប់។ នៅក្នុងអំឡុងពេលនោះ ឈ្មោះ Bitcoin-Satoshi Nakamoto បានបង្ហាញខ្លួនជាលើកដំបូង។
នៅក្នុងខែតុលា ឆ្នាំ 2007 ជាលើកដំបូង Bitcoin ត្រូវបានរំលឹកដល់នៅក្នុងអត្ថបទមួយនិយាយអំពីរបៀបទូទាត់របស់បុគ្គលម្នាក់ មានឈ្មោះថា Satoshi Nakamoto។
យោងតាមឯកសារ P2P Foundation បុគ្គលឈ្មោះ Satoshi Nakamoto បានហៅខ្លួនឯងថាជាបុរសម្នាក់មកពីប្រទេសជប៉ុន កើតឆ្នាំ 1975។ ប៉ុន្តែ មានមតិជាច្រើននិយាយថា បុរស់នេះមិនមែនមកពីប្រទេសជប៉ុននោះទេ។
មូលហេតុដែលថាបុរសនេះមិនមែនជាមនុស្សមកពីជប៉ុន នោះគឺ ទីមួយ អត្ថបទសាធារណៈរបស់ Satoshi សរសេរជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញដូចទៅនឹងជនជាតិអង់គ្លេសពិត។ ទីពីរ ពេលវេលាឈប់សម្រាករបស់បុរសនេះក៏ផ្ទុយពីល្វែងម៉ោងរបស់មនុស្សម្នាក់ដែលរស់នៅក្នុងប្រទេសជប៉ុន។
ហេតុអ្វីបានជា Satoshi Nakamoto មិនបង្ហាញអត្តសញ្ញាណពិតរបស់ខ្លួន? មានសម្មតិកម្មជាច្រើនត្រូវបានលើកឡើង ក្នុងនោះមានមូលហេតុដូចជា «ដើម្បីចៀសវាងការតាមដានរបស់រដ្ឋាភិបាលនានា» «ដើម្បីលើកកម្ពស់ភាពអាថ៌កំបាំងរបស់ប្រព័ន្ធជួញដូរ» ឬ «ដើម្បីចៀសវាងការធ្លាក់ថ្លៃរបស់ប្រាក់ Bitcoin»។ល។
ផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក Coinbase សង្កត់ធ្ងន់ថា៖ «បើសិនជាអត្តសញ្ញាណរបស់បុគ្គលិអាថ៌កំបាំងនេះត្រូវបានបង្ហើបឱ្យដឹង នោះតម្លៃរបស់ Bitcoin អាចដាំក្បាលចុះ»។
ឯកសាររបស់ Coinbase ក៏បានឱ្យដឹងថា Satoshi Nakamoto បច្ចុប្បន្ន កាន់កាប់ Bitcoin ជាង 1 លានឯណោះ។ បើគណនាទៅតាមតម្លៃ 50,000 ដុល្លារអាមេរិក/Bitcoin កាលពីខែកុម្ភៈ ដូច្នេះ Bitcoin ចំនួនជាង 1 លាននេះ មានតម្លៃស្មើនឹងជាង 5 ម៉ឺនលាន (50,000,000,000) ដុល្លារអាមេរិក៕
ប្រភព៖ BI, Republicworld
ប្រែសម្រួល៖ បុត្រា