វាជាស្ថានភាពវិជ្ជមានមួយដែលការអប់រំនៅទីជនបទនាពេលបច្ចុប្បន្ននេះមានភាពប្រសើរឡើង បើប្រៀបធៀបជាមួយនឹងការអប់រំប៉ុន្មានឆ្នាំមុន តែវិសមភាពនៃការអប់រំនៅតែជាក្តីកង្វល់នៅឡើយសម្រាប់កម្ពុជា ជាពិសេសកុមារនៅជនបទ។
យោងតាមរបាយការណ៍របស់អង្គការ UNICEF ប្រចាំនៅកម្ពុជាបានលើកឡើងថា កុមារ 1នាក់ នៅក្នុងចំណោម 5នាក់ មកពីគ្រួសារក្រីក្របំផុតមិនបានចូលរៀនបឋមសិក្សា ហើយទន្ទឹមនឹងនេះដែរ គេស្រាវជ្រាវឃើញថា មានកុមារកម្ពុជាជិត 10% មិនចេះអាន និងសរសេរអក្សរ។ កុមារដែលមិនចេះអាន និងសរសេរអក្សរទាំងអស់នោះ គឺខកខានឱកាសក្នុងការទទួលបានចំណេះដឹង និងការរៀនសូត្រ ក៏ដូចជាឱកាសភ្លឹថ្លានៅក្នុងជីវិត។
UNICEF បានបញ្ជាក់ផងដែរថា ក្នុងចំណោមកុមារដែលស្ថិតក្នុងភាពអនក្ខរកម្ម ទាំងអស់នោះ កុមារពិការក៏ជាអ្នកងាយរងគ្រោះមួយប្រភេទដែលមិនទទួលបានការអប់រំ។ កុមារកម្ពុជាជាង 30% ដែលមានអយុចាប់ពី 15ឆ្នាំ ដល់ 19ឆ្នាំដែលមានពិការភាព គឺជាអនក្ខរជន និងមិនបានចូលរៀន៕