ផ្លែចេកទុំ មានសារធាតុរំអិលដើម្បីជួយឱ្យស្បែកមានភាពរលោងស្រស់ស្អាត និងមានវីតាមីន អំបិលរ៉ែ ប្រូតេអ៊ីនជាច្រើនប្រភេទ ដែលមានគុណប្រយោជន៍ដល់ស្បែក ការពារស្បែក បំបាត់ស្នាមជ្រួញ និងព្យាបាលស្នាមសន្លាក។ ថ្ងៃនេះ គេហទំព័រ ឡារ៉ែន បានដកស្រង់នូវវិធីសាស្ត្រថ្មីក្នុងការសម្អាតស្បែកមុខ ឱ្យមានសំណើម ភ្លឺរលោង និងម៉ដ្ឋខៃមកជម្រាបជូនដូចខាងក្រោម។
គ្រឿងផ្សំចាំបាច់៖
ផ្លែចេកទុំ លាងទឹកឱ្យស្អាត ហើយបកសម្បកចេញ រួចយកសាច់វាទៅកិន ឬក្រឡុកឱ្យម៉ដ្ឋ។
វិធីធ្វើ៖
វិធីទី1៖ ប្រើចេកណាំវ៉ាទុំ1ផ្លែ ទឹកឃ្មុំ1ស្លាបព្រាកាហ្វេ រូបមន្តនេះសម្រាប់អ្នកស្បែកស្ងួត ។ ហើយអាចបន្ថែមទឹកក្រូចឆ្មារ 1 ស្លាបព្រាកាហ្វេ សម្រាប់អ្នកស្បែកមានជាតិខ្លាញ់ច្រើន។ ផ្សំគ្រឿងទាំងអស់បញ្ជូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខរយៈពេល 15-20នាទី ទើបលាងចេញដោយទឹកស្អាត។
វិធីទី2៖ យកចេកណាំវ៉ាទុំ1ផ្លែ លាយជាមួយប្រេងអូលីវ1ស្លាបព្រាកាហ្វេ លាយចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុកចោលរយៈពេល 15-20 នាទី ទើបលាងជម្រះដោយទឹកស្អាត ឬសាប៊ូលាងមុខបាន។
វិធីទី3៖ យកចេកណាំវ៉ាទុំបកសម្បក ហើយកិនឱ្យម៉ដ្ឋ បន្ទាប់មកយកមកលាបនៅលើស្បែកមុខទុករយៈពេល 15-20 នាទីទើបលាងទឹកចេញ៕