ពេជ្រមិនទាន់ច្នៃដែលមានទម្ងន់ 242 ការ៉ាតដ៏កម្រមួយគ្រាប់របស់ក្រុមហ៊ុនរុករកត្បូងពេជ្រ Alrosa នៅរុស្ស៊ី នឹងដាក់លក់ក្នុងព្រឹត្តិការណ៍ដេញថ្លៃ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Dubai នៃប្រទេសអារ៉ាប់រួម (UAE) ក្នុងថ្ងៃទី 22 មីនាខាងមុខ។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី 26 កុម្ភៈ ក្រុមហ៊ុន Alrosa ឱ្យដឹងថា ត្បូងពេជ្រនេះមានទំហំប៉ុនពងមាន់តូចមួយគ្រាប់ ហើយវានឹងត្រូវដាក់លក់ដេញថ្លៃ ដោយចាប់ផ្ដើមពីតម្លៃ 2 លានដុល្លារអាមេរិក។ នេះគឺជាពេជ្រមួយគ្រាប់ក្នុងចំណោមត្បូងពេជ្រធំជាងគេដែល Alrosa បានរកឃើញនៅក្នុងសតវត្សរ៍នេះ។
លោក Evgeny Agureev នាយកផ្នែកជំនួញរបស់ Alrosa បានអះអាងថា គ្រាប់ពេជ្រដែលមានទម្ងន់ចាប់ពី 100 ការ៉ាតឡើងទៅគឺពិតជាកម្របានជួបខ្លាំងណាស់ ហើយវាក៏កម្រនឹងបានឃើញគេដាក់លក់ដេញថ្លៃផងដែរ។
5 ឆ្នាំមុន ពេជ្រមិនទាន់ច្នៃមួយគ្រាប់ដែលមានទម្ងន់ស្រដៀងគ្រាប់ពេជ្រខាងលើក ក៏ត្រូវបានគេដាក់លក់ដេញថ្លៃ។ នេះគឺជាព្រឹត្តិការណ៍លក់ដេញថ្លៃជាអន្តរជាតិលើកទី 100 របស់ Alrosa។
Alrosa គឺជាក្រុមហ៊ុនរុករកត្បូងពេជ្រមិនទាន់ច្នៃធំជាងគេបង្អស់ក្នុងពិភពលោក បើគិតអំពីទំហំនៃគ្រាប់ពេជ្រទាំងឡាយដែលក្រុមហ៊ុននេះបានរកឃើញ។ បច្ចុប្បន្ន Alrosa កំពុងប្រកួតប្រជែងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកពាណិជ្ជកម្មពេជ្រ De Beers របស់ក្រុមហ៊ុន Anglo American មកពីចក្រភពអង់គ្លេស។ De Beers គឺជាក្រុមហ៊ុនផ្គត់ផ្គង់ពេជ្រមិនទាន់ច្នៃធំជាងគេបង្អស់ក្នុងពិភពលោក បើគិតអំពីតម្លៃ៕
ប្រភព៖ RT
ប្រែសម្រួល៖ បុត្រា