ដូចដែលបានរាប់រាប់ក្នុងអត្ថបទមុន Coinbase ដែលជាផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក (ឌីជីថល) ធំជាងគេ និងមានអាយុកាលចាស់ជាងគេនៅសហរដ្ឋអាមេរិក ទើបតែបានដាក់ពាក្យស្នើសុំធ្វើ IPO (បោះផ្សាយលក់មូលបត្រជាសាធារណៈដំបូង) ជាផ្លូវការ។ Coinbase គឺជាថ្នាលដ៏ធំមួយដែលជួយឱ្យអតិថិជនអាចទិញ លក់ និងរក្សាទុករូបិយវត្ថុឌីជីថល ដូចជា Bitcoin និង Ether ជាដើម។ Coinbase ត្រូវបានគេចាត់ទុកថាជាផ្សារឈ្មួញកណ្ដាលផ្នែករូបិយវត្ថុឌីជីថល ដែលប្រកួតប្រជែងផ្ទាល់់ជាមួយនឹង Coinmama, CEX.IO និង Gemini។ យោងតាម CNN ផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក Coinbase រៀបចំគម្រោងធ្វើ IPO នៅខែធ្នូខាងមុខ។
ព័ត៌មាននៅលើគេហទំព័ររបស់ Coinbase ឱ្យដឹងថា មានអ្នកវិនិយោគលើរូបិយវត្ថុឌីជីថល ចំនួន 43 លាននាក់ កំពុងប្រើប្រាស់ Coinbase ដែលការជួញដូរនេះមានតម្លៃសរុបស្មើនឹង 455 ពាន់លានដុល្លារអាមេរិក និងកាន់កាប់ទ្រព្យសរុប 9 ម៉ឺនលានដុល្លារនៅទូទាំងប្រព័ន្ធ Coinbase។
Coinbase ត្រូវបានបង្កើតឡើងដោយ Brian Armstrong និង Fred Ehrsam កាលពីខែមិថុនា ឆ្នាំ 2012។ ក្រុមហ៊ុននេះមានការិយាល័យកណ្ដាលនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ បច្ចុប្បន្ន Brian បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេម្នាក់នៅសហរដ្ឋអាមេរិក ដោយមានទ្រព្យ 6.5 ពាន់លានដុល្លារ នេះបើតាមស្ថិតិរបស់សារព័ត៌មាន Forbes។ ក្រោយពីប្រមូលទុនបាន 300 លានដុល្លារពីមូលនិធិវិនិយោគ Tiger Global កាលពីឆ្នាំ 2018 ក្រុមហ៊ុន Coinbase ត្រូវបានកំណត់ថ្លៃត្រឹម 8 ពាន់លានដុល្លារ។
Brian Armstrong ចាត់ទុក Bitcoin ជា «គូស្នេហ៍ដំបូង»
Brian Armstrong កើតថ្ងៃទី 25 មករា ឆ្នាំ 1983 គឺជា CEO បច្ចុប្បន្នរបស់ Coinbase ដែលជាផ្សារជួញដូរ Bitcoin ធំបំផុត និងពេញនិយមបំផុតក្នុងពិភពលោក។ បុរសនេះធ្លាប់បានបង្ហាញវត្តមានជាច្រើនលើកនៅក្នុងបញ្ជីចំណាត់ថ្នាក់ Under 40 និងត្រូវបានសរសើរថាជា «Rockstar មួយរូបនៅក្នុងសហគមន៍ Bitcoin»។ Brian Armstrong គឺជាអ្នកគាំទ្រនៅជួរមុខទាក់ទងនឹងការប្រើប្រាស់ និងជួញដូរ Bitcoin។
លោក Brian Armstrong បានដឹងច្បាស់អំពី Bitcoin ជាលើកដំបូង កាលពីឆ្នាំ 2010។ មុននេះ លោកធ្លាប់បាននិយាយប្រាប់អំពីការដែលលោកបានដឹងការពិតថា មានទីផ្សារជាច្រើនកំពុងជួញដូរ Bitcoin ហើយភ្លាមនោះ លោកក៏មើលឃើញឱកាសល្អ។ Brian Armstrong ចាប់ផ្ដើមគិតរកវិធីដើម្បីប្រើប្រាស់ទីផ្សារដ៏ធំមួយនេះ ហើយវាគឺជាវិធីដែល Coinbase ត្រូវបានបង្កើតឡើង។
នៅខែឧសភា ឆ្នាំ 2011 Brian Armstrong ចាប់ផ្ដើមចូលធ្វើការឱ្យ Airbnb ក្នុងនាមជាវិស្វករផ្នែកទន់។ Brian Armstrong បានចូលជាសមាជិករបស់ UniversityTutor.com ក្នុងគ្រាកំពុងធ្វើការឱ្យ Airbnb។ លោកធ្វើការនៅទីនេះបានជាងមួយឆ្នាំ ហើយក៏ចាកចេញនៅក្នុងខែមិថុនា 2012 នៅពេលបង្កើត Coinbase។
ដោយមានជំនាញខាងវិទ្យាសាស្ត្រកុំព្យូទ័រ និងសេដ្ឋកិច្ច ក៏ដូចជាបទពិសោធន៍លើការសរសេរកូដកុំព្យូទ័រ Brian Armstrong បានត្រៀមខ្លួនជាស្រេចសម្រាប់ជំហានចេញធ្វើជំនួញក្នុងវិស័យបច្ចេកវិទ្យា។ នៅពេលបានដឹងច្បាស់អំពី Bitcoin បុរសនេះក៏បានរិះរកវិធីដើម្បីពង្រីកទីផ្សារសម្រាប់រូបិយវត្ថុអេឡិចត្រូនិកមួយនេះ។
ខែកក្កដា ឆ្នាំ 2017 Brian Armstrong និង Fred Ehrsam បានរួមដៃគ្នាបង្កើត Coinbase។ Coinbase ត្រូវបានគេចាត់ទុកថាជាផ្សារមួយដែលអនុញ្ញាតឱ្យគ្រប់គ្នាទិញ Bitcoin។ រដូវក្ដៅឆ្នាំ 2012 Brian និង Fred បានទៅចុះឈ្មោះ Coinbase នៅក្នុងថ្នាលបណ្ដុះបណ្ដាលសម្រាប់អ្នកបើកមុខជំនួញថ្មី Y Combinator។ ថ្នាលនេះមានឈ្មោះល្បីល្បាញ ដោយសារបានវិនិយោគទៅក្នុងក្រុមហ៊ុនថ្មីជាច្រើន ដូចជា Dropbox, Weebly, Reddit និង Airbnb ជាដើម។ Coinbase បានបង្ហាញខ្លួនពេញលេញកាលពីខែតុលា 2012 នៅពេលចាប់ផ្ដើមផ្ដល់សេវាកម្មទិញ និងលក់ Bitcoin តាមរយៈការផ្ទេរប្រាក់នៅធនាគារ។
រៀបរាប់អំពីដំណាក់កាលដំបូងៗ សហស្ថាបនិករបស់ Coinbase លោក Brian បាននិយាយថា៖ «Coinbase គឺជារបកគំហើញដ៏សំខាន់សម្រាប់សម័យទំនើប និងនាំឱ្យពិភពលោកត្រូវផ្លាស់ប្ដូរ។ ពិតជាអស្ចារ្យនៅពេលបានឃើញប្រព័ន្ធទាំងមូលកំពុងរីកចម្រើនជុំវិញរបកគំហើញដ៏មហិមានេះ ប៉ុន្តែ សម្រាប់ខ្ញុំ Bitcoin នៅតែជាក្ដីស្នេហ៍ដំបូង»។
សន្យាថានឹងបរិច្ចាគទ្រព្យភាគច្រើនរបស់លោក កាលពីអាយុទើបតែ 34ឆ្នាំ
កាលពីខែធ្នូ ឆ្នាំ 2018 នៅក្នុងវ័យ 34 ឆ្នាំ លោក Brian Armstrong បានចុះកិច្ចសន្យាជាផ្លូវការមួយ ជាមួយនឹង The Giving Pledge ដែលត្រូវបានមហាសេដ្ឋី Warren Buffett និង Bill Gates បង្កើតឡើងកាលពីឆ្នាំ 2010។ បុគ្គលទាំងឡាយដែលបានចុះហត្ថលេខាលើកិច្ចសន្យានេះគឺ សុទ្ធតែជាមហាសេដ្ឋី ឬជិតក្លាយជាមហាសេដ្ឋី ប៉ុន្តែមានចិត្តសប្បុរស ចង់បរិច្ឆាគទ្រព្យភាគច្រើនរបស់ខ្លួនសម្រាប់សកម្មភាពមនុស្សធម៌។
មុននោះ Brian ក៏សកម្មនៅក្នុងកិច្ចការមនុស្សធម៌ ដោយលោកបានបង្កើត GiveCrypto (givecrypto.org)។ អង្គការមិនស្វែងរកកម្រៃនេះ ទទួលយក បែងចែកប្រាក់អេឡិចត្រូនិក និងធ្វើការប្រគល់ប្រាក់ដោយផ្ទាល់ទៅឱ្យអ្នកក្រីក្រដែលជាក្រុមគោលដៅរបស់ពួកគេ៕
ប្រភព៖ Forbes, BI
ប្រែសម្រួល៖ បុត្រា