បច្ចុប្បន្ន អ្នកវិនិយោគលើរូបិយវត្ថុអេឡិចត្រូនិកជាង 43 លាននាក់ នៅក្នុងប្រទេសចំនួនជាង 100 កំពុងប្រើប្រាស់ផ្សារជួញដូរ Coinbase។
ផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក Coinbase បានដាក់ពាក្យស្នើសុំធ្វើ IPO (បោះផ្សាយលក់មូលបត្រជាសាធារណៈដំបូង) ប្រការនេះធ្វើឱ្យទីផ្សាររូបិយវត្ថុអេឡិចត្រូនិក កាន់តែមាន «អំណាច» ថែមទៀត។
ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2012 Coinbase គឺជាថ្នាលដ៏ធំមួយដែលជួយឱ្យអតិថិជនអាចទិញ លក់ និងរក្សាទុករូបិយវត្ថុឌីជីថល (អេឡិចត្រូនិក) ដូចជា Bitcoin និង Ether ជាដើម។ Coinbase ត្រូវបានគេចាត់ទុកថាជាផ្សារឈ្មួញកណ្ដាលផ្នែករូបិយវត្ថុឌីជីថល ដែលប្រកួតប្រជែងផ្ទាល់់ជាមួយនឹង Coinmama, CEX.IO និង Gemini។ យោងតាម CNN ផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក Coinbase រៀបចំគម្រោងធ្វើ IPO នៅខែធ្នូខាងមុខ។
ភាគីខាងក្រុមហ៊ុន Coinbase បានឱ្យដឹងថា ការធ្វើ IPO នេះនឹងត្រូវធ្វើនៅលើផ្សារហ៊ុន Nasdaq ដោយប្រើប្រាស់ឈ្មោះ COIN។ ព័ត៌មាននៅលើគេហទំព័ររបស់ Coinbase ឱ្យដឹងថា មានអ្នកវិនិយោគលើរូបិយវត្ថុឌីជីថល ចំនួន 43 លាននាក់ កំពុងប្រើប្រាស់ Coinbase ដែលការជួញដូរនេះមានតម្លៃសរុបស្មើនឹង 455 ពាន់លានដុល្លារអាមេរិក និងកាន់កាប់ទ្រព្យសរុប 9 ម៉ឺនលានដុល្លារនៅទូទាំងប្រព័ន្ធ Coinbase។
តម្លៃសរុបនៃ Bitcoin ដែលកំពុងត្រូវបានជួញដូរនាបច្ចុប្បន្ន បានឡើងដល់ជាង 1 លានលាន (1,000,000,000,000) ដុល្លារអាមេរិកនៅក្នុងសប្ដាហ៍កន្លង បន្ទាប់ពីតម្លៃរបស់ Bitcoin បានកើនដល់ជិត 60,000 ដុល្លារ/Bitcoin។ ប៉ុន្តែ បច្ចុប្បន្ន តម្លៃរបស់ Bitcoin បានធ្លាក់ចុះ និងកំពុងត្រូវបានជួញដូរក្នុងរង្វង់ 51,000 ដុល្លារ/Bitcoin។
Tesla, Mastercard, Bank of New York និងក្រុមហ៊ុនធំៗជាច្រើនទៀត បានប្រកាសជាសាធារណៈថា ពួកគេបានវិនិយោគយ៉ាងច្រើនទៅលើ Bitcoin នាប៉ុន្មានខែកន្លងទៅថ្មីៗនេះ ដែលប្រការនេះបានជួយឱ្យភាពស្របច្បាប់របស់ Bitcoin កាន់តែត្រូវបានលើកកម្ពស់។
យ៉ាងណាក៏ដោយ Bitcoin និងរូបិយវត្ថុអេឡិចត្រូនិកមួយចំនួនផ្សេងទៀត នៅតែប្រឈមមុខនឹងការប្រែប្រួលខ្លាំង ដោយសារតម្លៃរបស់វាឡើង-ចុះមិនទៀងទាត់៕
គួរអាន៖ Bitcoin បង្កើតបានសេដ្ឋីដុល្លារចំនួន 100,000នាក់ ក្នុងរយៈពេល 3ខែ
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា