Corley បានសរសេរថា ភាគច្រើននៃសេដ្ឋីដែលលោកបានសិក្សាស្រាវជ្រាវ មិនបានក្លាយជាអ្នកមាននោះទេ រហូតដល់ក្រោយវ័យ 50ឆ្នាំ ប៉ុន្តែ ពួកគេសុទ្ធតែចាប់ផ្ដើមទៅតាមវិធីសាស្ត្រដូចគ្នា។
Thomas C. Corley គឺជាអ្នកជំនាញខាងផែនការហិរញ្ញវត្ថុ ជាវាគ្មិន និងជាមនុស្សម្នាក់ក្នុងចំណោមអ្នកនិពន្ធដែលមានសៀវភៅលក់ដាច់បំផុត ព្រមទាំងជាសហការីរបស់ Business Inseder, CNBC និងស្ថានីយទូរទស្សន៍ជាច្រើនផ្សេងទៀត។ លោកបានចំណាយពេល 5 ឆ្នាំ ក្នុងការស្វែងយល់អំពីក្រុមសេដ្ឋីដែលមានបានដោយការប្រឹងប្រែងផ្ទាល់ខ្លួន។
លទ្ធផលនៃការស្រាវជ្រាវទៅលើទម្លាប់ដែលនាំឱ្យក្លាយជាអ្នកមានរបស់លោក Corley បានទាក់ទាញអ្នកអានជាង 50 លានលើក នៅក្នុងប្រទេសចំនួន 25 ក្នុងពិភពលោក។ គោលដៅរបស់ការសិក្សាស្រាវជ្រាវនេះគឺ ដើម្បីឆ្លើយនឹងសំណួរសាមញ្ញចំនួនពីរ៖ «ហេតុអ្វីបានជាមនុស្សក្លាយជាអ្នកមាន ឬអ្នកក្រ?» និង «តើអ្នកមាន និងអ្នកក្រធ្វើអ្វីខ្លះចាប់តាំងពីពេលក្រោកពីគេងនៅព្រឹក រហូតដល់ពេលចូលគេងនៅពេលយប់?»។
ចំណុចរួមរបស់សេដ្ឋីដែលមានបានដោយខ្លួនឯង
លោក Corley បានសម្ភាសជាមួយមនុស្សចំនួន 233 នាក់ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិច 160,000 ដុល្លារអាមេរិក និងមានទ្រព្យ 3.2 លានដុល្លារ។ ក្នុងចំណោមនោះ មាន 177 នាក់ គឺជាសេដ្ឋីដែលមានបានដោយខ្លួនឯង។ តាមរយៈការសម្ភាសនេះ លោករកឃើញចំណុចរួមជាច្រើនអំពីអ្នកមាន ក៏ដូចជាទម្លាប់ប្រចាំថ្ងៃដែលនាំឱ្យពួកគេជោគជ័យ។
ចំណុច ឬប្រការរួមមួយក្នុងចំណោមប្រការទាំងឡាយដែល Corley បានរកឃើញ នោះគឺ ពួកគេសុទ្ធតែមានគោលដៅសន្សំសំច័យជាចម្បង។ ក្នុងសៀវភៅមួយក្បាលរបស់ខ្លួន លោក Corley សរសេរថា 80% នៃសេដ្ឋីដែលមានបានដោយការប្រឹងប្រែងផ្ទាល់ខ្លួន ដែលលោកបានស្រាវជ្រាវ មិនបានក្លាយជាអ្នកមាននោះទេ រហូតដល់ពួកគេមានវ័យក្រោយ 50 ឆ្នាំ។ ប៉ុន្តែ សេដ្ឋីទាំងអស់នោះ សុទ្ធតែចាប់ផ្ដើមដោយវិធីដូចគ្នាតែមួយ។
លោក Corley សរសេរថា៖ «បើទោះជាបានកំណត់គោលដៅរកឱ្យបាន 1 លានដុល្លារ, 10 លានដុល្លារ ឬច្រើនជាងនេះ អ្នកត្រូវតែចាប់ផ្ដើមពីចំណុចជាក់លាក់ណាមួយ។ សេដ្ឋីដែលក្លាយជាអ្នកមានដោយការខិតខំផ្ទាល់ខ្លួន ដែលខ្ញុំបានស្រាវជ្រាវ សុទ្ធតែបានកំណត់គោលដៅសន្សំប្រាក់ចាប់ពី 10% ទៅ 20% នៃប្រាក់ចំណូលរបស់ខ្លួន ក្នុងរយៈពេលច្រើនឆ្នាំ មុនពេលបានក្លាយជាសេដ្ឋី។ យោងតាមធនាគារកណ្ដាលអាមេរិក (FED) មធ្យមភាគនៃអត្រាសន្សំប្រាក់របស់ជនជាតិអាមេរិកាំងគឺ 8% នៃប្រាក់ចំណូល។
គោលការណ៍សន្សំប្រាក់របស់ក្រុមសេដ្ឋីដែលមានបានដោយខ្លួនឯង
លោក Corley ឱ្យដឹងថា ប្រការដែលសំខាន់បំផុត នោះគឺថា ក្រុមមនុស្សដែលមានបំណងក្លាយជាសេដ្ឋី តែងតែមានស្មារតីទទួលខុសត្រូវ និងអនុវត្តតាមគោលការណ៍ ឬវិន័យនៃការសន្សំប្រាក់ដ៏តឹងរ៉ឹង។ ពួកគេប្រើប្រាស់យុទ្ធសាស្ត្រដែល Corley ហៅថា «ប្រព័ន្ធប៉ោតដាក់ទឹក» ដើម្បីសន្សំសំច័យប្រាក់។ ពួកគេបែងចែកខ្ទង់សន្សំរបស់ខ្លួនទៅជា 4 ប្រភេទធំ៖ ខ្ទង់សន្សំសម្រាប់ពេលចូលនិវត្តន៍ ខ្ទង់សម្រាប់ការចំណាយដែលមានគម្រោងស្រាប់ ខ្ទង់សម្រាប់ការចំណាយបន្ទាន់ និងខ្ទង់សម្រាប់ចាយទៅតាមវដ្ដ។
-ខ្ទង់សន្សំសម្រាប់ពេលចូលនិវត្តន៍៖ ជាប្រាក់ដែលត្រូវបានវិនិយោគដើម្បីការរីកចម្រើន ហើយវានឹងត្រូវបានប្រើប្រាស់ពេលពួកគេឈប់ធ្វើការ។
-ខ្ទង់សម្រាប់ការចំណាយដែលមានគម្រោងស្រាប់៖ រួមមាន ការចំណាយសម្រាប់ការសិក្សាដែលបានគ្រោងទុកនាពេលអនាគត ការចំណាយលើអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន បង់រំលស់ផ្ទះ/ដី ឬការចំណាយដែលមានគម្រោងផ្សេងៗទៀត។
-ខ្ទង់សម្រាប់ការចំណាយបន្ទាន់៖ នេះគឺជាសាច់ប្រាក់សុទ្ធដែលបានត្រៀមនៅក្នុងផ្ទះដើម្បីបង្ការពេលមានអាសន្នបន្ទាន់កើតឡើង ដូចជាករណីបាត់បង់ការងារ ឬជួបបញ្ហាគ្រោះថ្នាក់ និងជំងឺភ្លាម។ ខ្ទង់នេះត្រូវបានគេកំណត់យ៉ាងតិចណាស់ក៏អាចឱ្យមនុស្សម្នាក់ចិញ្ចឹមជីវិតបាន 6 ខែ ក្នុងគ្រាមិនមានប្រាក់ចំណូល។
-ខ្ទង់សម្រាប់ចាយទៅតាមវដ្ដ៖ ជាប្រាក់សន្សំសម្រាប់ការដើរទេសចរណ៍ ឬសម្រាប់ទិញអំណោយចាំបាច់ប្រចាំឆ្នាំ។
យុទ្ធសាស្ត្រសន្សំសំច័យដ៏សាមញ្ញានេះ មានតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋីចំនួនជិតពាក់កណ្ដាលដែល Corley បានស្រាវជ្រាវ។ ជាលទ្ធផល ពួកគេអាចរស់បានដោយប្រាក់ចំណូលប្រចាំខែចំនួន 80% (ឬតិចជាងនេះ)។ ហើយនៅពេលបានក្លាយជាសេដ្ឋី ពួកគេនៅតែបន្តអនុវត្តយុទ្ធសាស្ត្រខាងលើ ព្រមទាំងមិនដែលបង្ហាញអំពីភាពមានបានរបស់ពួកគេ។
លោក Thomas C. Corley បានបន្ថែមថា៖ «ក្រុមសេដ្ឋីដែលមានបានដោយខ្លួនឯង សុទ្ធតែមានទម្លាប់សន្សំសំច័យ និងគោរពតាមគោលការណ៍សន្សំសំច័យយ៉ាងតឹងរឹង។ កាន់តែឆាប់សន្សំសំច័យ អ្នកកាន់តែឆាប់មានទ្រព្យច្រើន និងឆាប់សម្រេចបានគោលដៅរបស់ខ្លួន»៕
ប្រភព៖ Business Insider
ប្រែសម្រួល៖ បុត្រា