តម្លៃរបស់ Bitcoin បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ នាំឱ្យគណនីប្រាក់អេឡិចត្រូនិកតម្លៃចាប់ពីលានដុល្លារឡើងទៅ កើនឡើងខ្ពស់ជាងមុនទៅដល់ 4 ដង ដោយចំណាយពេលតែ 3 ខែប៉ុណ្ណោះ។
សារព័ត៌មាន CBS ដកស្រង់ទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវទីផ្សារ BitInfoCharts បានឱ្យដឹងថា ពិភពលោកនាពេលបច្ចុប្បន្ន មានគណនី Bitcoin ប្រមាណ 100,000 ដែលមានតម្លៃចាប់ពី 1 លានដុល្លារឡើងទៅ ក្នុងនោះមានគណនីជាង 8,000 ដែលមានតម្លៃចាប់ពី 10 លានដុល្លារ។ តួលេខសេដ្ឋីជាង 100,000 នាក់នេះ ច្រើនជាងឆ្ងាយ បើធៀបនឹង 25,000 នាក់ កាលពី 3 ខែមុន និង 15,000 នាក់ កាលពីមួយឆ្នាំមុន។
តម្លៃរបស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin កាលពីដើមខែកុម្ភៈនេះ បានហក់ឡើងដល់ 50,000 ដុល្លារក្នុង 1 Bitcoin។ កាលពីចុងសប្ដាហ៍មុន តម្លៃរបស់វា ពេលខ្លះបានលោតឡើងដល់ 58,000ដុល្លារអមេរិក។ កំណើននៃតម្លៃនេះ បានជួយឱ្យក្រុមសេដ្ឋី Bitcoin កើនឡើងដល់ខ្ទង់សែននាក់នៅក្នុងសប្ដាហ៍កន្លងទៅ នេះបើតាមរបាយការណ៍របស់ BitInfoCharts។
មូលហេតុធំបំផុតដែលនាំឱ្យតម្លៃរបស់ Bitcoin បន្តឡើងថ្លៃ ហើយជួយឱ្យចំនួនសេដ្ឋីដែលកំពុងវិនិយោគទៅលើ Bitcoin កើនឡើងខ្ពស់បែបនេះ ក៏ព្រោះតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla របស់មហាសេដ្ឋី Elon Musk បានប្រកាសថា បានទិញ Bitcoin ចំនួន 1.5 ពាន់លានដុល្លារអាមេរិក។ ប្រការនេះក៏បង្ហាញថា ក្រុមហ៊ុនផ្សេងៗក៏អាចវិនិយោគទៅលើប្រាក់ឌីជីថល Bitcoin នេះដែរ។
ក៏ប៉ុន្តែ តួលេខពិតប្រាកដនៃចំនួនសេដ្ឋី Bitcoin ពិតជាពិបាកស្មាន។ ព្រោះថា អត្តសញ្ញាណរបស់អ្នកនៅពីក្រោយគណនី Bitcoin នីមួយៗ មិនត្រូវបានបញ្ចេញជាសាធារណៈ ពោលគឺមានតែចំនួនគណនី និងតម្លៃរបស់វាតែប៉ុណ្ណោះដែលត្រូវបានផ្សាយជាសាធារណៈ។ មនុស្សម្នាក់អាចមានគណនី Bitcoin លើសពីមួយ ហើយគណនី bitcoin មួយ ក៏អាចគ្រប់គ្រងដោយមនុស្សច្រើននាក់ផងដែរ។
យ៉ាងនេះក្ដី គណនី Bitcoin ភាគច្រើនគឺមានតម្លៃទាបខ្លាំង។ យោងតាម BitInfoCharts បច្ចុប្បន្ន មានគណនីជាង 55 លាន កំពុងដំណើរការនៅលើបណ្ដាញ Bitcoin ប៉ុន្តែ ក្នុងចំណោមនោះ មានគណនីជិត 45 លាន មានតម្លៃក្រោម 100 ដុល្លារ។
ឆ្នាំនេះ បើទោះជាមានពេលខ្លះត្រូវធ្លាក់ថ្ងៃ ប៉ុន្តែ តម្លៃ Bitcoin នៅតែខ្ពស់ជាងជិត 70% បើធៀបនឹងតម្លៃកាលពីដើមឆ្នាំ។ ចំណែកមាស ដែលជាគូប្រជែងផ្ទាល់របស់ Bicoin បែរជាធ្លាក់ថ្លៃ 5% ទៅវិញ ខណៈសន្ទស្សន៍ DJIA, S&P 500 និង Nasdaq Composite នៅក្នុងផ្សារហ៊ុនអាមេរិក កើនឡើង 5%៕
ប្រភព៖ Market Watch, CBS
ប្រែសម្រួល៖ បុត្រា