Skip to content

និស្សិត​សាកលវិទ្យាល័យ​កសិកម្ម​នឹង​ទទួលបាន​អាហារូបករណ៍​ដាំ​បន្លែ​ក្នុង​បន្ទប់

ភ្នំពេញ៖ លោក Tomonori KIMURA ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Asian Gateway Corporationបាន​ថ្លែងថា ក្រុមហ៊ុន​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ស្តីពី​គម្រោង​ជល​វប្បកម្ម គឺ​ការដាំ​បន្លែ​ក្នុង​ទឹក​នៅក្នុង​បន្ទប់(Hydroponic Farm) ដែលជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត។

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក Tomonori KIMURA មានប្រសាសន៍ថា គោលបំណង​របស់​គម្រោង​ខាងលើៈ

ទី1.គឺ​ធ្វើ​ការណែនាំ​បច្ចេកវិទ្យា​ថ្មី​អំពី​ការដាំ​បន្លែ​ក្នុង​ទឹក​ក្នុង​បន្ទប់​ដល់​និស្សិត កសិករ និង​វិស័យ​ឯកជន​ដើម្បី​ពង្រីក​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​បន្ថែមទៀត​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន។

ទី2.សិក្សា​ស្រាវជ្រាវ​ពី​តម្រូវការ​នៅលើ​ទីផ្សារ​បន្លែ​ដែល​ផលិត​ដោយ​ប្រព័ន្ធ​ដាំ​បន្លែ​ក្នុង​ទឹក​នេះ។

ទី3.អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​និស្សិត​ឱ្យ​យល់ដឹង​ពី​បច្ចេកវិទ្យា​ធ្វើយ៉ាងណា​ជំរុញ​ផលិតកម្ម​បន្លែ​ឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព

និង​ទី4.សិក្សា​ពី​លទ្ធភាព​អាច​ប្រើប្រាស់​សម្ភារ​ក្នុងស្រុក​មួយចំនួន​ដែល​ជួយ​កាត់បន្ថយ​ថ្លៃដើម​ក្នុង​ការផលិត​បន្លែ​តាមរបៀប​បច្ចេកវិទ្យា​ថ្មី​នេះ។

លោក​បាន​បន្ថែមទៀតថា គម្រោង​នេះ​នឹងមិន​ប្រើ​សារធាតុ​គីមី ផលិត​ផលិតផល​សុវត្ថិភាព កាត់បន្ថយ​ថ្លៃដើម ផលិត​ផ្គត់ផ្គង់​ដល់​អតិថិជន​ដែលមាន​ចំណូល​មធ្យម ហើយ​អនាគត​នឹង​ផ្ទេរ​បច្ចេកវិទ្យា​នេះ​ឱ្យដល់​ក្រុមហ៊ុន​ក្នុងស្រុក​ជាពិសេស​និស្សិត​ជំនាន់ក្រោយ។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែង​សាទរ ហើយ​មានប្រសាសន៍ថា ប្រជាជន​កម្ពុជា​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​បាននិងកំពុង​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ពី​បញ្ហា​សុខភាព​ទាក់ទង​ទៅនឹង​ការបរិភោគ​ចំណីអាហារ ជាពិសេស​បន្លែ និង​ផ្លែឈើ។ ឯកឧត្តម​ក៏បាន​ថ្លែង​គាំទ្រ និង​លើកទឹកចិត្ត​ដល់​គម្រោង​ជល​វប្ប​កម្មនេះ ហើយ​សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ និង​អាច​ពង្រីក​បច្ចេកវិទ្យា​នេះ​ទៅដល់​បណ្តា​ខេត្ត-ក្រុង​មួយចំនួន​នាពេល​អនាគត។ ម្យ៉ាងវិញទៀត​គម្រោង​នេះ​អាច​ផ្ទេរ​បច្ចេកវិទ្យា​ដល់​និស្សិត និង​ក្រុមហ៊ុន​ផលិត​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​ដើម្បី​ផលិត​បន្លែ​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល។

សូម​ជម្រាបជូន​ថា បច្ចេកវិទ្យា​នេះ​គឺជា​ការដាំដុះ​បន្លែ​ក្នុង​បន្ទប់​ដោយ​ប្រើ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ អាច​គ្រប់គ្រង​សីតុណ្ហភាព សំណើម មិន​រណប​នឹង​ធម្មជាតិ​ដូចជា​ភ្លៀង​ច្រើន រាំងស្ងួត សត្វល្អិត ឬ​ជំងឺ​បំផ្លាញ​ទ្បើ​យ ៕

Leave a Reply

Your email address will not be published. Required fields are marked *