តម្លៃរបស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin បានងើបឡើងវិញ និងបានកើនដល់ជាង 51,000 ដុល្លារ នៅក្នុង 1 bitcoin ក្រោយពីវាទទួលបានការសរសើរពីអ្នកគ្រប់គ្រងការវិនិយោគដ៏មានឈ្មោះល្បីម្នាក់។ល។
នៅវេលាម៉ោងជាង 11 ថ្ងៃត្រង់ ថ្ងៃទី 24 កុម្ភៈ (ម៉ោងនៅភ្នំពេញ) តម្លៃរបស់ Bitcoin ស្មើនឹង 51,000 ដុល្លារ/bitcoin នេះបើតាមទំព័រ Coinmarketcap.com។ ក្នុងការជួញដូរកាលពីព្រឹកនេះ តម្លៃរបស់វាស្ថិតក្នុងរង្វង់ 48,000 ដុល្លារ/bitcoin។
ការងើបឡើងវិញនេះ បានកើតឡើងក្រោយរយៈពេលជិតមួយសប្ដាហ៍ដែល Bitcoin បានជួបការលំបាក រួមមាន ការធ្លាក់ថ្លៃមកនៅត្រឹម 45,000 ដុល្លារក្នុងថ្ងៃទី 23 កុម្ភៈ ដោយសារតែមានយោបល់ទាក់ទងនឹងកម្រិតនៃភាពផុយស្រួយរបស់តម្លៃ Bitcoin ដែលបានឡើងថ្លៃខ្ពស់ជាងមុន 5 ដង បើធៀបនឹងមួយឆ្នាំកន្លងទៅនេះ។
យោងតាមសារព័ត៌មាន Bloomberg ការព្រួយបារម្ភរបស់ក្រុមអ្នកវិនិយោគលើប្រាក់អេឡិចត្រូនិក ទទួលបានភាពកក់ក្ដៅឡើងវិញ បន្ទាប់ពីសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី 23 កុម្ភៈ របស់អគ្គនាយកធនាគារកណ្ដាលអាមេរិក (Fed) Jerome Powell។ បង្ហាញខ្លួននៅចំពោះមុខគណៈកម្មការធនាគារនៃសភាជាន់ខ្ពស់ លោក Jerome Powell បាននិយាយថា នឹងមិនដកហូតគោលនយោបាយរូបិយវត្ថុក្នុងពេលឆាប់នេះឡើយ។
រូបិយវត្ថុអេឡិចត្រូនិក គឺជាទ្រព្យមួយក្នុងចំណោមទ្រព្យដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីគោលនយោបាយរូបិយវត្ថុធូររលុង (Ultra-loose monetary policies) និងកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចដ៏ធំ រាប់ចាប់ពី Covid-19 បានក្លាយជាមហារោគរាតត្បាតពិភពលោក។
កត្តារួមចំណែកមួយទៀតដែលជួយឱ្យតម្លៃរបស់ Bitcoin ងើបឡើងវិញ នោះគឺលោកស្រី Cathie Wood ដែលជាអ្នកគ្រប់គ្រងផ្នែកវិនិយោគដ៏មានឥទ្ធិពលម្នាក់ មកពី Ark Investment Management។ ក្នុងកិច្ចសម្ភាសមួយជាមួយ Bloomberg លោកស្រី Wood និយាយថា «ពិតជាមានការជឿជាក់លើ Bitcoin និងសប្បាយរីករាយនៅពេលបានឃើញមានការកែសម្រួលប្រកបដោយវិជ្ជមាននៅទីនេះ»។
នៅក្នុងអត្ថបទមួយ ក្រុមហ៊ុន Bespoke Investment Group សរសេរថា បើទោះជាបានធ្លាក់ពីចំណុចឯតទគ្គកម្ម (ជាង 59,000 ដុល្លារ/bitcoin) ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ការធ្លាក់ថ្លែងនេះរបស់ Bitcoin គឺនៅមានកម្រិតនៅឡើយ។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកគាំទ្រ Bitcoin បាននិយាយ Bitcoin គឺជាទ្រព្យដែលត្រូវបានគេទទួលយកច្រើន ដោយសារតែប្រសិទ្ធភាពនៃការទប់ទល់នឹងហានិភ័យនៃបញ្ហាអតិផរណា។ ចំណែកក្រុមមួយទៀតគិតថា នេះគ្រាន់តែជាការរំភើបបណ្ដោះអាសន្នប៉ុណ្ណោះ។ យ៉ាងនេះក្ដី ក្រុមអ្នកគាំទ្រ Bitcoin នៅតែជជែកតវ៉ាជាមួយនឹងក្រុមដែលសង្ស័យអំពីកត្តាលើកទឹកចិត្តនៅពីក្រោយការឡើងថ្លៃរបស់រូបិប័ណ្ណឌីជីថល Bitcoin នេះ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា