អង្គការតាមដានរដ្ឋាភិបាលអាមេរិក ហៅកាត់ថា CREW បាននិយាយថា លោក Trump រកបានប្រាក់ចំនួន 1.6 ពាន់លានដុល្លារនៅក្នុងរយៈពេល 4 ឆ្នាំនៃការកាន់តំណែងប្រធានាធិបតី ប៉ុន្តែ ប្រាក់ទាំងនេះ ភាគច្រើនបានមកពីសកម្មភាពជំនួញដែលលោក Trump ជាអ្នកឈរឈ្មោះ។
ក្រោយពីបានត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump អង្គការមិនស្វែងរកកម្រៃ Citizens for Responsibility and Ethics (ពលរដ្ឋដើម្បីការទទួលខុសត្រូវ និងក្រមសីលធម៌) ហៅកាត់ថា CREW ដែលមានមូលដ្ឋាននៅវ៉ាស៊ីងតោន បានអះអាងកាលពីថ្ងៃទី 22 ខែកុម្ភៈថា បើទោះជាលោក Trump ទទួលបានការកោតសរសើរច្រើនចំពោះការបរិច្ចាគប្រាក់ខែរបស់លោក ប៉ុន្តែ នោះគ្រាន់តែជាផ្នែកមួយដ៏តូច បើធៀបនឹងប្រាក់ចំណូលដែលក្រុមហ៊ុនរបស់លោករកបាននៅក្នុងពេលលោកកំពុងកាន់អំណាច។
CREW ដែលជាអង្គការក្រៅរដ្ឋាភិបាល ត្រូវបានបង្កើតឡើងពីឆ្នាំ 2003 ដើម្បីតាមដានលើក្រមសីលធម៌ និងការទទួលខុសត្រូវលើការបកស្រាយរបស់រដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ខ្ទង់ប្រាក់យ៉ាងហោច 1,613,583,013 ដុល្លារ ដែលបានមកពីក្រុមហ៊ុន Trump Organization រួមនឹងខ្ទង់ចំណូលដទៃមួយចំនួនទៀត ត្រូវបានលោក Trump ប្រកាស។
ជាងនេះ លោក Trump ក៏ធ្លាប់បានបង្ហើបឱ្យដឹងអំពីប្រាក់ចំណូលលើសពីខ្ទង់ខាងលើទៅទៀត ពោលគឺ 1,790,614,202 ដុល្លារ ប៉ុន្តែ រូបភាពនៃការប្រកាសទ្រព្យសម្បត្តិនេះ ហាក់មានភាពស្រពេច ស្រពិល។
ខ្ទង់ចំណូលមួយភាគធំរបស់ Trump Organization បានមកពីអចលនទ្រព្យល្បីឈ្មោះមួយចំនួន ដូចជា តំបន់លម្ហែកាយ Mar-a-Lago, សណ្ឋាគារអន្តរជាតិ Trump នៅរដ្ឋធានី វ៉ាស៊ីងតោន និងទីលានវាយកូនគោលមួយចំនួននៅ Doral ក្នុងរដ្ឋ Florida, Bedminster នៅ New Jersey និង Trump National នៅ Virginia។
CREW យល់ឃើញថា ភាគច្រើននៃប្រាក់ចំណូលនេះ បានមកពីក្រុមអ្នកជំនួញដែលចង់ទទួលបានការយកចិត្តទុកដាក់ និងផលប្រយោជន៍ពីប្រធានាធិបតី Trump ដោយការ «នៅជាមួយ» នឹងអចលនទ្រព្យដែលមានឈ្មោះលោក Trump។
របាយការណ៍របស់ CREW ត្រូវបានលើកឡើងនៅពេលតុលាការកំពូលបានចេញសេចក្ដីសម្រេច បង្គាប់ឱ្យលោក Trump ប្រគល់ឯកសារប្រកាសពន្ធមកឱ្យការិយាល័យរដ្ឋអាជ្ញានៅ New York។ ប៉ុន្តែ អតីតប្រធានាធិបតី Trump បានរិះគន់លើបញ្ហានេះ និងបាននិយាយថា នឹងធ្វើការតវ៉ាជាបន្តទៀត។
ក្នុងគ្រាទើបតែបានឡើងកាន់អំណាច CREW បានដាក់ពាក្យប្ដឹងលោក Trump ដោយចោទប្រកាន់ថា បានរំលោភរដ្ឋធម្មនុញ្ញ ព្រោះតែបន្តទទួលយកខ្ទង់ប្រាក់ទូទាត់ពីរដ្ឋាភិបាលបរទេសនានា ដោយពឹងលើសកម្មភាពជំនួញដែលក្រុមគ្រួសាររបស់លោក Trump កាន់កាប់៕
ប្រភព៖ Independent
ប្រែសម្រួល៖ បុត្រា