តម្លៃទ្រព្យសរុបរបស់ CEO នៃក្រុមហ៊ុន Tesla លោក Elon Musk បានធ្លាក់មកនៅត្រឹម 183.4 ពាន់លានដុល្លារ ឈរលំដាប់លេខពីរក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេក្នុងពិភពលោក បន្ទាប់ពីកំពូលមហាសេដ្ឋី Jeff Bezos។
យោងតាមសារព័ត៌មាន Bloomberg មហាសេដ្ឋីអាមេរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk លែងនៅជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោកទៀតហើយ នៅពេលមូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ធ្លាក់ថ្លៃ 8.6% នៅក្នុងការជួញដូរកាលពីម្សិលមិញ (22កុម្ភៈ 2021) ស្មើនឹង 15.2 ពាន់លានដុល្លារអាមេរិក។
មូលបត្ររបស់ Tesla បានធ្លាក់ថ្លៃខ្លាំង ក្រោយពីលោក Musk បានបង្ហោះសារមួយនៅលើ Twitter ថា រូបិយវត្ថុ Bitcoin និង Ethereum ហាក់កំពុងឡើងថ្លៃជ្រុល។ ការបញ្ចេញមតិដែលប្រកបដោយ «ភាពរសើប» នេះ ត្រូវបានធ្វើឡើងក្រោយពី Tesla បានទិញ Bitcoin រហូតដល់ 1.5 ពាន់លានដុល្លារ និងបាននាំឱ្យក្រុមអ្នកវិនិយោគមានការព្រួយបារម្ភ។
ក្រោយព្រឹត្តិការណ៍ខាងលើ តម្លៃសរុបនៃទ្រព្យរបស់មហាសេដ្ឋី Elon Musk បានធ្លាក់ចុះមកនៅត្រឹម 183.4 ពាន់លានដុល្លារអាមេរិក ឈរពីក្រោយ CEO របស់ Amazon លោក Jeff Bezos ដែលបច្ចុប្បន្នមានទ្រព្យសរុប 186.3 ពាន់លានដុល្លារ។
ក្នុងមួយរយៈពេលខ្លីកន្លងទៅនេះ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំងពីររូបខាងលើ បានប្ដូរតំណែងអ្នកមានជាងគេក្នុងពិភពលោកទៅឱ្យគ្នាជាបន្តបន្ទាប់។ មហាសេដ្ឋី Elon Musk ធ្លាប់ដណ្ដើមបានតំណែងនេះជាលើកទីពីរពីលោក Jeff Bezos កាលពីដើមខែកុម្ភៈ ឆ្នាំ 2021 នៅពេលគម្រោង SpaceX របស់លោក ប្រមូលទុនបាន 850 លានដុល្លារ ដែលនាំឱ្យក្រុមហ៊ុននេះ ត្រូវបានកំណត់តម្លៃឡើងដល់ 74 ពាន់លានដុល្លារអាមេរិក។
អំពី Jeff Bezos វិញ លោកធ្លាប់បានគ្រងតំណែងជាអ្នកមានជាងគេបំផុតក្នុងពិភពលោកអស់រយៈពេល 3 ឆ្នាំបន្តបន្ទាប់ នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Bloomberg Billionaires Index មុនពេលត្រូវ Elon Musk ដណ្ដើមបានលើកដំបូងកាលពីខែមករា 2021។
ទ្រព្យសម្បត្តិរបស់លោក Elon Musk ឡើងចុះមិនប្រក្រតី ដោយសារតែតម្លៃរបស់ប្រាក់អេឡិចត្រូនិក Bitcoin ប្រែប្រួលមិនទៀង ព្រោះតែដែលក្រុមហ៊ុនផលិតរថយន្ត Tesla របស់លោកបានទិញរូបិយវត្ថុ Bitcoin នេះ ចំនួន 1.5 ពាន់លានដុល្លារ៕
ប្រភព៖ Bloomberg