Skip to content

ក្រសួងពាណិជ្ជកម្ម​ព្រមាន​ចាត់វិធានការ​លើ​ទំនិញ​ក្លែង​ម៉ាក​សញ្ញា

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ដោយ​ព្រមាន​ចាត់វិធានការ​ទៅលើ​ទំនិញ​បន្លំ​ម៉ាក​សញ្ញា​ទាំងឡាយណា​ដែល​ចរាចរ​លក់​នៅលើ​ទីផ្សារ​នាំឱ្យ​ប៉ះពាល់​ដល់​ទំនិញ​ដើម​របស់​ក្រុមហ៊ុន និង​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​នៅ​កម្ពុជា។

ការព្រមាន​ខាងលើ​ធ្វើឡើង​នៅពេល​ឯកឧត្តម​អនុញ្ញាតឱ្យ​លោក ដូ​យ កុន​ចា (Doy Concha) នាយក​ក្រុមហ៊ុន​យូនីលីវើ​ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​ពិភាក្សា​ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងបន្លំ​ម៉ាក​សញ្ញា​ក្នុងការ​ពង្រឹង​ច្បាប់​កម្មសិទ្ធិបញ្ញា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ដូ​យ កុន​ចា នាយក​ក្រុមហ៊ុន​យូនីលីវើ​មានប្រសាសន៍​រាយការណ៍​ថា ក្រុមហ៊ុន​យូនីលីវើ បានធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា​រយៈពេល​ជាង 21ឆ្នាំ​មកហើយ ដោយសារតែ​មានការ​គាំទ្រ​ពី​អតិថិជន និង​រដ្ឋាភិបាល។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​បម្រើការ​ជិត2,000នាក់ ហើយ​គ្រោង​នឹង​នាំយក​ផលិតផលថ្មីៗទៀត​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ប្រឈម​ជាមួយ​ផលិតផល​យូនីលីវើ​នាំចូល​ដោយ​ខុសច្បាប់​ដែល​កំពុង​ចរាចរ​លក់​ក្នុងតម្លៃ​ទាប​ជាង​ផលិតផល​ក្រុមហ៊ុន​ដល់​ទៅ20% ហើយ​អាច​បណ្តាលឱ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ទៀតផង។

ជាការ​ឆ្លើយតប ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​សាទរ​ជាមួយ​វឌ្ឍនភាព​ក្រុមហ៊ុន​របស់​យូនីលីវើ និង​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ប្រតិបត្តិការ​ធុរកិច្ច​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ដ​ល់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ឱ្យធ្វើ​ការពិនិត្យ​លើ​ករណី​ផលិតផល​យូនីលីវើ​ក្លែងក្លាយ​នៅលើ​ទីផ្សារ និង​បាន​សំណូមពរ​ដល់​លោក ដូ​យ និង​សហការី សហការ​ផ្តល់ព័ត៌មាន​ជូន​ភ្នាក់ងារ​កាំកុងត្រូល​ដែលជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ-អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ។ បន្ថែម​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​យូនីលីវើ​ឱ្យ​ពិចារណា​យក​គំរូ​តាម​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​មួយចំនួន​ដោយ​ប្រើប្រាស់​ខេមរភាសា​លើ​ផលិតផល​ទាំងអស់​ដើម្បី​ធ្វើឱ្យមាន​ភាពខុសគ្នា​ជាមួយ​ផលិតផល​នាំចូល​ខុសច្បាប់ ដើម្បី​មន្ត្រី​កាំកុងត្រូល​នឹង​អាចធ្វើ​ការដកហូត​ផលិតផល​ទាំងអស់នោះ​នៅតាម​ទីផ្សារ​នានា​បាន៕

Leave a Reply

Your email address will not be published. Required fields are marked *