សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រ និងគ្រឹះស្ថានសាធារណៈនិងឯកជន ចំនួន 10,366 ទីតាំង បានចុះឈ្មោះបង្កើត QR Code ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19 គិតត្រឹមរសៀលថ្ងៃទី 22 កុម្ភៈ 2021 នេះបើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
ប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់ជំងឺ Covid-19 ឬ Stop Covid» ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី 20 ខែកុម្ភៈ ក្រោយពីកម្ពុជាមានករណីឆ្លងក្នុងសហគមន៍ជាលើកទីពីរ។ សាធារណជនអាចស្កេន QR Code នេះ នៅពេលចូលទៅកាន់កន្លែងដែលមានមនុស្សច្រើន រួចនឹងទទួលបានដំណឹងយ៉ាងឆាប់រហ័ស បើសិនទីតាំងនោះមានករណីឆ្លង Covid-19។ ក្រសួងប្រៃសណីយ៍ អះអាងថា QR Code នេះ នឹងជួយបង្ការហានិភ័យនៃឆ្លងរាលដាលនៃវីរុស Covid-19 នៅក្នុងសហគមន៍។
ក្រសួងបានឱ្យដឹងថា គិតមកដល់ថ្ងៃទី 22 កុម្ភៈនេះ មានការស្កេនចំនួន 107,696 ដង នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រ និងគ្រឹះស្ថានសាធារណៈនិងឯកជន សរុបចំនួន 10,366 ទីតាំងដែលបានចុះឈ្មោះបង្កើត QR Code ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ បានឱ្យដឹងថា លោកមានការជឿជាក់ខ្លាំងចំពោះការដាក់ឱ្យប្រើប្រាស់ QR Code នេះ។ លោកបន្ថែមថា គ្រប់គ្នាត្រូវតែប្រើ QR Code នេះ ដើម្បីបានដឹងអំពីដំណើររបស់បុគ្គលនីមួយ។ នៅពេលមានបុគ្គលណាមួយមានជំងឺ Covid-19 អាជ្ញាធរនឹងមានភាពងាយស្រួលក្នុងការតាមរក តាមរយៈទិន្នន័យដែលបានកត់ត្រាដោយ QR Code នេះ៕