Skip to content

តើ​កម្ពុជា​នឹង​ទទួលបាន​ភាគលាភ​ដូចម្តេច​ពី​ការ​បូម​ប្រេង​នៅ​ប្លុក​ A

ភ្នំពេញៈ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​ចង់ដឹង​ពី​ផលប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​ពី​ភាគលាភ​ពី​អណ្តូងប្រេង​នៅ​តំបន់​ប្លុក​Aរបស់​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​ក្រុមហ៊ុន KRISENERGY កាលពី​ថ្ងៃ​ម្សិលមិញ។

យោងតាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​តំបន់​ប្រេងកាត​ប្លុក A របស់​ក្រុមហ៊ុន KRISENERGY កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​ជាច្រើន រួមមាន​អត្រា​កម្រៃ​សួយ​សារ ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​លើ​ប្រាក់ចំណូល​លើស​កម្រិត ពន្ធ​លើ​ការនាំចេញ ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ ជាពិសេស​រាជរដ្ឋាភិបាល​ទទួលបាន​ភាគហ៊ុន5ភាគរយ​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ផងដែរ។

លោក Kelvin Tang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KRISENERGY Ltd បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ​ថា ការអភិវឌ្ឍ​អណ្តូងប្រេង​ប្លុក​Aនេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សេដ្ឋកិច្ច និង​ប្រជាជន​កម្ពុជា​ក៏ដូចជា​សម្រាប់​ក្រុមហ៊ុន KRSIENERGY ផងដែរ។ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ដំបូង​ក្នុងដំណាក់កាល​1A រួមមាន​តំបន់​ក្បាល​អណ្តូង​ដែល​បញ្ជា​ពី​ចម្ងាយ​មួយ​សម្រាប់​ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន24នឹង​អាច​ធ្វើការ​បូម​បាន3ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​ទៅកាន់​នាវា​ផលិត​មួយ​ដែល​ធ្វើ​ប្រព្រឹត្ត​កម្ម​ប្រេង និង​ញែក​យក​ឧស្ម័ន ប្រេង និង​ទឹក​ចេញពី​គ្នា ។

លោក​បន្តថា ភាគលាភ​ដែល​បែងចែក​រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​សម្រាប់​ប្លុក​A កម្ពុជា​នឹង​ទទួលបាន​កម្រៃ​លើ​សួយ​សារ12.5ភាគរយ​នៃ​ផលិតកម្ម ពន្ធ​លើ​ប្រាក់ចំណូល 25ភាគរយ សម្រាប់​រយៈពេល5ឆ្នាំ​ដំបូង រាប់​ចាប់ពី​ឆ្នាំ​ដំបូង​ដែលមាន​ចំណូល​ជាប់ពន្ធ និង30ភាគរយ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់។ ក្នុងនោះ​ចំពោះ​ពន្ធ​លើ​ប្រាក់ចំណូល​លើស​កម្រិត និង​ប្រសិនបើ​មាន​ប្រាក់ចំណូល​លើស​កម្រិត​នោះ ពន្ធ​ប្រាក់ចំណូល​លើស​កម្រិត​នឹងត្រូវ​អនុវត្ត​បន្ថែម​លើ​ប្រាក់ចំណូល​លើ​អត្រាកំណើន​តាម​ថ្នាក់​ចាប់ពី10ភាគរយ​ទៅ30ភាគរយ​ផងដែរ ។

ចំណែក​ពន្ធ​លើ​ការនាំចេញ​ក៏បាន​កំណត់​ក្នុង​ចំនួន2ភាគរយ ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ500ដុល្លារ​ក្នុង1គីឡូម៉ែត្រ​ការ៉េ គឺ​ចាប់​គិតពី​ថ្ងៃ​ចូល​ជា​ធរមាន រួមជាមួយ​រាជរដ្ឋាភិបាល​នឹង​ទទួលបាន​ភាគហ៊ុន5ភាគរយ​ក្នុងការ​ចូលរួម​អភិឌ្ឍន៍​នោះ​ផងដែរ។

ទាក់ទិន​នឹង​ការអភិវឌ្ឍ​នេះ​លោក Kelvin Tang បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទទួលបាន​ការវិនិយោគ​លើ​ទំហំ​ផ្ទៃដី​ធ្វើ​អាជីវកម្ម​ទំហំ3,083គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​មាន​រយៈពេល25ឆ្នាំ គឺ​ចាប់​គិតពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ផលិតកម្ម​ដំបូង​នេះ​តទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *