រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីប៊ី ត្រូវបានត្រូវខ្មាន់កាំភ្លើងបាញ់រះ នៅពេលក្បួនរថយន្តរបស់លោកកំពុងធ្វើដំណើរនៅលើដងផ្លូវល្បឿនលឿន នៅក្បែររដ្ឋធានី Tripoli ប៉ុន្តែ សំណាងល្អ បានរួចពីការស្លាប់។
«ក្បួនរថយន្តរបស់លោក ត្រូវបានបាញ់ប្រហារពីរថពាសដែក នៅពេលកំពុងធ្វើដំណើរតាមដងផ្លូវល្បឿនលឿន» មន្ត្រីម្នាក់ដែលស្និទ្ធនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលូប៊ី Fathi Bashagha និយាយកាលពីថ្ងៃទី 21 កុម្ភៈ។
ក្រុមខ្មាន់កាំភ្លើងបានបាញ់រះជាបន្តបន្ទាប់ទៅលើក្បួនរថយន្តនៅភាគខាងលិចនៃរដ្ឋធានី Tripoli ក្រោយពីលោក Fathi Bashagha ធ្វើដំណើរទៅទស្សនកិច្ចក្រុមហ៊ុនប្រេង និងទីស្នាក់ការនៃកងកម្លាំងអនុវត្តច្បាប់របស់ក្រសួងមហាផ្ទៃ។
«2នាក់ ក្នុងចំណោមក្រុមខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន ចំណែកជនទីបីកំពុងស្ថិតក្នុងមន្ទីរពេទ្យ» មន្ត្រីស្និទនឹងលោក Fathi Bashagha ប្រាប់ដូច្នេះ និងបានបន្ថែមថា លោក Fathi Bashagha មានសុវត្ថិភាព និងមានសុខភាពល្អដូចធម្មតា។
លោក Fathi Bashagha គឺជាអ្នកនយោបាយដែលមានអំណាចខ្លាំងនៅលីប៊ី។ បុរសវ័យ 58 ឆ្នាំរូបនេះ បានឡើងកាន់កាប់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរដ្ឋាភិបាលដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចាប់ពីឆ្នាំ 2018 និងទទួលបានការគាំទ្រច្រើននៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ប្រទេសលីប៊ី បានធ្លាក់ក្នុងសង្គ្រាមស៊ីវិល ក្រោយពីមេដឹកនាំ Muammar al-Gaddafi ត្រូវបានផ្ដួលរំលំនៅក្នុងចលនាមួយដែលគាំទ្រដោយបណ្ដាប្រទេសលោកខាងលិច ក្នុងឆ្នាំ 2011។ សង្គ្រាមដ៏បង្ហូរឈាមនាបច្ចុប្បន្ន កើតឡើងរវាងរដ្ឋាភិបាលលីប៊ី (GNA) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ជាមួយនឹងក្រុមបះបោរ LNA ដែលដឹកនាំដោយសេនាប្រមុខ Khalifa Haftar។
លោក Fathi Bashagha ធ្លាប់ត្រូវបានចាត់ទុកថាជាមនុស្សដែលអាចដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នថ្មី នៅក្នុងកិច្ចប្រឹងប្រែងដើម្បីសន្តិភាព ដែលដឹកនាំដោយអង្គការសហប្រជាជាតិ ក្រោយពីមានបទឈប់បាញ់កាលពីខែតុលា ឆ្នាំ 2020។ ប៉ុន្តែ ចុងក្រោយ Abdul Hamid Dbeibah វ័យ 61 ឆ្នាំ ជាវិស្វករ និងជាអ្នកជំនួញ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីកាលពីខែមករា ឆ្នាំ 2021 ជាមួយនឹងការអំពាវនាវឱ្យមានការស្ដារប្រទេសជាតិ ស្ដារប្រជាធិបតេយ្យ និងបង្រួបបង្រួមជាតិឡើងវិញ៕
ប្រភព៖ AFP