ក្រុមអ្នកវិនិយោគរយៈពេលខ្លី នាយកផ្នែកប្រមូលទុនរបស់បណ្ដាក្រុមហ៊ុន និងក្រុមហ៊ុនវិនិយោគ និងក្រុមអ្នកវិនិយោគស្ថាប័ន (Institutional Investors) ជាដើម ត្រូវបានគេយល់ថា ជាអ្នករុញច្រានឱ្យមានការឡើងថ្លៃរបស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin។
ប្រាក់ Bitcoin ត្រូវបានជួញដូរក្នុងរង្វង់តម្លៃក្រោម 54,000 ដុល្លារអាមេរិក ហើយក្រោយមកក៏កើនឡើងដល់ 54,880 ដុល្លារ ក្នុង 1 bitcoin កាលពីថ្ងៃទី 19 កុម្ភៈ នេះបើតាមក្រុមហ៊ុន Coin Metrics។ ការឡើងថ្លៃនេះ បានជួយឱ្យតម្លៃមូលធនរបស់ Bitcoin កើនឡើងដល់ 1 លានលាន (1,000,000,000,000) ដុល្លារជាលើកដំបូង។ ប្រការនេះក៏បាននាំឱ្យប្រាក់ឌីជីថល/អេឡិចត្រូនិកនេះ រកបានចំណេញច្រើនជាងឆ្ងាយបើធៀបនឹងទ្រព្យផ្សេងៗ មានដូចជា មូលបត្រ និងមាសជាដើម។
យោងតាមសារព័ត៌មាន Bloomberg តម្លៃមូលធនរបស់ Bitcoin នៅក្នុងដើមឆ្នាំ 2021 នេះ បានកើនឡើងបន្ថែមចំនួន 450 ពាន់លានដុល្លារអាមេរិក។
ក្រុមអ្នកវិនិយោគរយៈពេលខ្លី ឬក្រុមអ្នករំពឹងលើការចំណេញរយៈពេល រួមនឹងនាយកផ្នែកប្រមូលទុនរបស់បណ្ដាក្រុមហ៊ុន និងក្រុមអ្នកវិនិយោគ អ្នកវិនិយោគស្ថាប័ន (Institutional Investors) ត្រូវបានគេជឿថា ជាក្រុមដែលបាន និងកំពុងជំរុញឱ្យ Bitcoin ឡើងថ្លៃកប់ពពកបែបនេះ។
ក្រុមអ្នកគាំទ្រ Bitcoin នៅតែជជែកតវ៉ាជាមួយនឹងក្រុមដែលសង្ស័យអំពីកត្តាលើកទឹកចិត្តនៅពីក្រោយការឡើងថ្លៃរបស់រូបិប័ណ្ណឌីជីថល Bitcoin នេះ។ ក្រុមមួយនិយាយថា Bitcoin គឺជាទ្រព្យដែលត្រូវបានគេទទួលយកច្រើន ដោយសារតែប្រសិទ្ធភាពនៃការទប់ទល់នឹងហានិភ័យនៃបញ្ហាអតិផរណា។ ចំណែកក្រុមមួយទៀតគិតថា នេះគ្រាន់តែជាការរំភើបបណ្ដោះអាសន្នប៉ុណ្ណោះ៕
ប្រភព៖ Bloomberg