
កំពូលមហាសេដ្ឋី Elon Musk បានត្រលប់មកកាន់កាប់តំណែងអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ក្រោយពីក្រុមហ៊ុន SpaceX បានបញ្ចប់ការប្រមូលទុនថ្មីមួយ ជាមួយនឹងការកំណត់តម្លៃឡើងដល់ 74 ពាន់លានដុល្លារ។
ដោយមានទ្រព្យតម្លៃ 200 ពាន់លានដុល្លារ CEO របស់ Tesla លោក Elon Musk បានក្លាយជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោកជាថ្មី នៅលើតារាងចំណាត់ថ្នាក់អ្នកមានរបស់សារព័ត៌មាន Bloomberg។
មុននេះ ក្រោយពីបានបញ្ចប់ការជួញដូរកាលពីថ្ងៃទី 16 កុម្ភៈ មូលបត្ររបស់ក្រុមហ៊ុន Tesla បានធ្លាក់ថ្លៃ បណ្ដាលឱ្យ Elon Musk ត្រូវបាត់បង់តំណែងអ្នកមានជាងគេទៅលើដៃ CEO របស់ Amazon លោក Jeff Bezos។ បច្ចុប្បន្ន ស្ថាបនិករបស់ Amazon មានទ្រព្យសរុបចំនួន 194 ពាន់លានដុល្លារអាមេរិក តិចជាង Elon Musk 6 ពាន់លានដុល្លារ។

ក្រុមហ៊ុនអវកាស SpaceX របស់លោក Musk ទើបតែបានធ្វើការប្រមូលទុនថ្មីមួយដែលរកបាន 850 លានដុល្លារ។ ក្រុមហ៊ុននេះកំពុងតែត្រូវបានកំណត់តម្លៃត្រឹម 74 ពាន់លានដុល្លារ កើត 60% បើធៀបនឹងការប្រមូលទុនកាលពីខែសីហា ឆ្នាំ 2020។ ដូច្នេះហើយទើបទ្រព្យរបស់លោក Musk កើនឡើង 11 ពាន់លានដុល្លារបន្ថែមទៀត៕
ប្រភព៖ Bloomberg
