
សេដ្ឋី Drock បាននិយាយថា ជោគជ័យរបស់លោក ភាគច្រើនកើតឡើងដោយសារចំណេះដឹងដែលគាត់បានរៀនសូត្រពីម្ដាយរបស់គាត់។
សម្រាប់មនុស្សជាច្រើនក្នុងពិភពលោក ការដែលរកបានទ្រព្យរាប់លានដុល្លារនៅក្នុងវ័យ 35 ឆ្នាំ គឺហាក់ដូចជារឿងដែលមិនងាយស្រួលសោះឡើយ។ ប៉ុន្តែ ប្រការនេះបានកើតឡើងចំពោះលោក Drock ដែលមានទីលំនៅនៅក្នុងទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ Drock បានក្លាយជាសេដ្ឋី ក្រោយរយៈពេល 12 ឆ្នាំ ដែលបានខិតខំធ្វើការ និងទទួលបានចំណេះដឹងច្រើនពីម្ដាយ។
ចែករំលែកបទពិសោធន៍ជាមួយសារព័ត៌មាន Business Insider សេដ្ឋី Drock បានបង្ហើបឱ្យដឹងអំពីប្រការចំនួន 5 ដែលគាត់បានរៀនសូត្រពីម្ដាយ និងបាននាំឱ្យគាត់ជោគជ័យដូចសព្វថ្ងៃ។

ខាក្រោមនេះគឺជាបទពិសោធន៍ចំនួន 5 ប្រការដែល Drock បានរៀនពីម្ដាយរបស់គាត់៖
1-ប្រភពចំណូលត្រូវមានច្រើនប្រភេទ
ពីបុគ្គលិកធម្មតាម្នាក់ ម្ដាយរបស់ Drock បានប្ដូរទៅរកស៊ីដោយខ្លួនឯង។ អ្នកស្រីធ្វើកិច្ចការជាច្រើនដើម្បីរកប្រាក់ ហើយសូម្បីតែការងារពេលយប់ និងការងារចុងសប្ដាហ៍ ក៏អ្នកស្រីធ្វើដែរ គឺធ្វើរហូតដល់អ្នកស្រីមានវ័យ 50ឆ្នាំ។
Drock និយាយថា ការធ្វើពិពិធកម្មលើប្រភេទនៃប្រភពចំណូលគឺជាវិធីដ៏សំខាន់ដើម្បីជួយឱ្យមនុស្សម្នាក់ក្លាយជាអ្នកមាន។ បច្ចុប្បន្ន ការងារបន្ទាប់បន្សំរបស់ Drock ត្រូវបានកំណត់តម្លៃត្រឹម 40,000 ដុល្លារ។
2-វិនិយោគទៅលើវិស័យអចលនទ្រព្យ
លោក Drock និងភរិយា ទិញបានអចលនទ្រព្យចំនួនពីរសម្រាប់ដាក់ឱ្យជួល។ នេះគឺជាយុទ្ធសាស្ត្ររកប្រាក់ចំណូលបែបអកម្មដែលគាត់រៀនបានពីម្ដាយ។
Drock បានទិញអចលនទ្រព្យសម្រាប់ដាក់ឱ្យជួលដំបូងកាលពីឆ្នាំ 2009។ ពេលនោះ គាត់នៅតែធ្វើការឱ្យគេ និងរកបានតែ 30,000 ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
ពួកគេបានទិញអចលនទ្រព្យទីពីរកាលពីឆ្នាំ 2014 ក្នុងតម្លៃ 115,000 ដុល្លារ។ ពួកគេចំណាយប្រាក់ 10,000 ដុល្លារដើម្បីជួសជុល រួចក៏ដាក់ជួលឱ្យគេ។ បច្ចុប្បន្ន ផ្ទះនេះត្រូវបានកំណត់តម្លៃត្រឹម 170,000 ដុល្លារអាមេរិក។
3-រៀនជំនាញថ្មីៗ
ក្នុងជីវិត ម្ដាយរបស់ Drock បានផ្លាស់ប្ដូរការងារមួយចំនួន។ អ្នកស្រីតែងតែស្វែងរករៀនជំនាញថ្មីៗដើម្បីបម្រើដល់ការងារថ្មីរបស់គាត់។
Drock ក៏យកតម្រាប់តាមម្ដាយរបស់គាត់។ បើទោះកំពុងជួសជុលផ្ទះដើម្បីដាក់ឱ្យជួល រៀបគម្រោងសម្រាប់ធ្វើអាជីវកម្មបន្ទាប់សន្សំ ឬសរសេរ blog ប៉ុន្តែ Drock នៅតែប្រឹងប្រែងរៀនជំនាញថ្មី និងលើកកម្ពស់ជំនាញបច្ចុប្បន្នរបស់ខ្លួន។
4-វិនិយោគលើទៅក្នុងទីផ្សារមូលបត្រ
ម្ដាយ និងឪពុករបស់ Drock បានផ្ដល់មូលបត្រ blue-chip មួយចំនួនតូចដល់កូនៗរបស់ពួកគេ តាំងតែពីកូនៗនៅតូច ហើយប្រាប់ឱ្យកូនៗតាមដានតម្លៃរបស់វាទៅតាមពេលវេលា។
ជារៀងរាល់ឆ្នាំ ក្រៅពីខ្ទង់ប្រាក់សន្សំសម្រាប់ពេលចូលនិវត្សរ៍ និងធនារ៉ាប់រង ប្ដីប្រពន្ធ Drock ក៏មានខ្ទង់ចំណាយមួយទៀតសម្រាប់វិនិយោគទៅលើទីផ្សាយមូលបត្រ។
5- ភាពរឹងមាំ និងការតស៊ូ
វិថីទៅកាន់ជោគជ័យរបស់ម្ដាយ Drock មិនមែនជារឿងធម្មតាឡើយ។ ម្ដាយរបស់ Drock ធ្លាប់បានទទួលជោគជ័យក្នុងមុខជំនួញ ប៉ុន្តែក៏បានបាត់បង់ទាំងស្រុងមិនតិចដងនោះដែរ។
Drock និយាយថា៖ «ពិតណាស់ អ្នកណាក៏មានថ្ងៃជោគជ័យ និងថ្ងៃបរាជ័យ។ រៀងរាល់ពេលបរាជ័យ ម្ដាយរបស់ខ្ញុំតែងតែក្រោកឡើង ហើយបន្តដើរទៅមុខ។ ភាពក្លាហាន និងភាពរឹងមាំរបស់ម្ដាយខ្ញុំ គឺជាប្រការដែលខ្ញុំតែងតែគោរពកោតសរសើរ និងប្រឹងប្រែងរៀនសូត្រពីគាត់»៕
ប្រភព៖ Business Insider
