ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនក្នុងពិភពលោក កាន់តែគិតគូរដល់ការពន្លឿនការអភិវឌ្ឍរូបិយប័ណ្ណទម្រង់ឌីជីថល ឬហៅថា ប្រាក់អេឡិចត្រូនិក ដើម្បីជំនួសក្រដាសប្រាក់ធម្មតានាបច្ចុប្បន្ន។
ក្នុងរដូវចូលឆ្នាំចិនកន្លងទៅ Covid-19 បានធ្វើឱ្យជនជាតិចិន ត្រូវរស់នៅក្នុងស្ថានភាពតានតឹង ខណៈរដ្ឋាភិបាលស្នើឱ្យពលរដ្ឋកាត់បន្ថយការដើរហើរ និងជួបជុំ ហើយប្រការនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យនានារបស់ប្រទេសនេះ។ ក៏ប៉ុន្តែ ពលរដ្ឋចិននៅទីក្រុងប៉េកាំង ប្រមាណ 50,000 នាក់ បានទទួលអាំងប៉ាវជាប្រាក់អេឡិចត្រូនិក ចំនួន 200 យុន (ប្រហែល 31ដុល្លារអាមេរិក) ពីរដ្ឋាភិបាល ដែលពួកគេអាចចាយវាយតាមអនឡាញ ឬចាយផ្ទាល់។
នៅពេល Covid-19 កំពុងពន្លឿនដំណើរការនៃការអភិវឌ្ឍបច្ចេកវិទ្យា ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនក្នុងពិភពលោក ក៏កាន់តែគិតគូរដល់ការពន្លឿនការអភិវឌ្ឍរូបិយប័ណ្ណទម្រង់ឌីជីថល ឬហៅថា ប្រាក់អេឡិចត្រូនិក ដើម្បីជំនួសក្រដាសប្រាក់ធម្មតានាបច្ចុប្បន្ន។
កាលពីខែតុលា ឆ្នាំ 2020 កម្ពុជា គឺជាប្រទេសដំបូងគេនៅអាស៊ី ដែលបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ដូចខាងលើ។ ប្រទេសជាច្រើនផ្សេងទៀត ដូចជា ប្រទេសថៃ សិង្ហបុរី ឬ ជប៉ុន និងកូរ៉េខាងត្បូងជាដើម ក៏កំពុងតែគិតគូរដល់ការអភិវឌ្ឍ និងសាកល្បងប្រើប្រាស់ប្រព័ន្ធប្រាក់ឌីជីថលនេះដែរ។
ការដែលប្រទេសចិនបង្កើនការអភិវឌ្ឍប្រាក់យុនអេឡិចត្រូនិក ទំនងជាជះឥទ្ធិពលខ្លាំងក្លាដល់សេដ្ឋកិច្ចពិភពលោក នេះបើគិតអំពីមហិច្ឆតារបស់រដ្ឋាភិបាលចិន ក្នុងការធ្វើអន្តរជាតូបនីយកម្មលើប្រាក់យុនរបស់ខ្លួន។
ការសាកល្បងប្រើប្រាស់ប្រាក់ទម្រង់អេឡិចត្រូនិករបស់ទីក្រុងប៉េកាំងកាលពីរដូវចូលឆ្នាំចិនកន្លងទៅ បានបញ្ចប់កាលពីថ្ងៃទី 17 កុម្ភៈ។ មុននោះ ក៏មានការសាកល្បងដូចគ្នានេះ នៅតំបន់មួយចំនួននៃប្រទេសចិនផងដែរ។ ជាសរុប ធនាគារជាតិរបស់ប្រទេសចិន បានចែកចាយប្រាក់ជាទម្រង់ឌីជីថល ជាង 100 លានយុន។ ក្រៅពីនេះ ក៏មានកម្មវិធីប្រើប្រាស់ប្រាក់យុនអេឡិចត្រូនិកជាច្រើនផ្សេងទៀត កំពុងត្រូវបានគិតដល់ ក្នុងនោះមានព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ 2022 (Beijing Olympics 2022) ទៀតផង។
ប្រទេសចិនគឺជាទឹកដីដែលមានការជឿនលឿនក្នុងការប្រើប្រាស់ប្រាក់ឌីជីថល។ អ្នកប្រើប្រាស់រាប់រយលាននាក់ កំពុងតែប្រើសេវាកម្ម Alipay និង WeChat ដោយការស្កេនកូដ QR នៅលើអេក្រង់ទូរស័ព្ទឆ្លាតវៃ ពោលគឺមិនប្រើប្រាស់ក្រដាសប្រាក់ ឬកាក់នោះទេ។ រីឯប្រាក់យុនអេឡិចត្រូនិក ក៏ដំណើរការដូចយន្តការនេះដែរ។
ប៉ុន្តែ ធនាគារទូទាត់អន្តរជាតិ (BIS/Bank for International Settlements) មិនបានគិតដូច្នេះទេ។ ប្រាក់អេឡិចត្រូនិកដែលចេញដោយធនាគារកណ្ដាល ត្រូវបានហៅកាត់ថា CBDC (Central Bank Digital Currency)។ ការស្រាវជ្រាវរបស់ BIS កាលពីខែមករា ឆ្នាំ 2021 បានបង្ហាញថា 86% ក្នុងចំណោម 65% នៃធនាគារកណ្ដាលរបស់បណ្ដាប្រទេសក្នុងពិភពលោក កំពុងប្រើប្រាស់យន្តការដូច CBDC។ ធនាគារកណ្ដាលប្រហែល 60% បានឱ្យដឹងថា ពួកគេអាចដាក់ឱ្យប្រើប្រាស់ CBDC ក្រោយរយៈពេល 6 ឆ្នាំទៀត។
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងមានប្រព័ន្ធធនាគារនៅទន់ខ្សោយនៅឡើយ ក៏មានគោលដៅដោយឡែករបស់ខ្លួនដើម្បីតាមប្រមាញ់ CBDC ក្នុងបំណងជួយឱ្យសកម្មភាពទូទាត់ប្រាក់ ដំណើរប្រកបដោយប្រសិទ្ធភាពជាងមុន និងដើម្បីបង្កើនប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុរបស់ពួកគេ។
កម្ពុជា គឺជាឧទាហរណ៍ដ៏សំខាន់មួយ! កាលពីខែតុលា ឆ្នាំ 2020 កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រព័ន្ធទូទាត់មួយដែលមានឈ្មោះថា «បាគង» (Bakong Payment Service) ដែលត្រូវបានអភិវឌ្ឍរួមជាមួយនឹងក្រុមហ៊ុន blockchain របស់ជប៉ុន ដែលមានឈ្មោះថា Soramitsu៕
ប្រភព៖ Nikkei