អ្នកបើកបររថយន្តដឹកទំនិញម្នាក់នៅប្រទេសថៃ បានប្រទះឃើញទ្រព្យដ៏មានតម្លៃមួយ ដែលជួយឱ្យគាត់រកបានរាប់សែនដុល្លារអាមេរិក នៅពេលកំពុងហូបខ្យងស្ងោរជាមួយប្រពន្ធ និងកូន។
សារព័ត៌មាន Daily Mail បានចេញផ្សាយថា បុរសឈ្មោះ Monthian Jansul អាយុ 40 ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទំនិញនៅខេត្ត Chonburi ប្រទេសថៃ ទើបតែបានប្រទះឃើញ «កំណប់» ដ៏មានតម្លៃមួយនៅពេលកំពុងទទួលទានអាហារថ្ងៃត្រង់។
ថ្ងៃទី 10 កុម្ភៈ លោក Monthian បានទៅផ្សារទិញអាហារសមុទ្រមកធ្វើម្ហូប ក្នុងនោះក៏មានខ្យលធំមួយក្បាលតម្លៃ 50 បាត (ប្រហែល 6,700 រៀល)។
មកដល់ផ្ទះ លោក Monthian និងភរិយាក៏បាននាំគ្នាធ្វើម្ហូប។ ក្នុងពេលកំពុងញ៉ាំ កូនប្រុសរបស់ Monthian ក៏ខាំចំវត្ថុរឹងមួយគ្រាប់ដែលមានរូបរាងមូលដូចពងត្រី ប៉ុន្តែមានទំហំធំ។ គ្រាប់ចម្លែកនេះមានពណ៌ទឹកក្រូចដ៏ស្រស់ស្អាត និងមានទម្ងន់ជាង 7 ក្រាម។
ដំបូងឡើយ ពួកគេគិតថា វាគឺជាពងរបស់ព្យង និងមិនបានចាប់អារម្មណ៍អ្វីសោះ។ ប៉ុន្តែ មួយរំពេចក្រោយមក លោក Monthian ក៏ចាប់ផ្ដើមសង្ស័យ និងគិតថា វាអាចជាគជ់ខ្យង។ គាត់ក៏បានដើរស្វែងយល់ និងសួរអ្នកជិតខាង ហើយក៏បានសន្និដ្ឋានថា វាអាចជាគជ់ខ្យង Melo ជាគជ់ខ្យងដ៏កម្រមួយប្រភេទ និងមានតម្លៃខ្ពស់ជាងគេក្នុងពិភពលោក។
«នេះគឺជារបស់ដែលពួកយើងមិនធ្លាប់បានឃើញកន្លងមក។ ខ្ញុំជឿថា យើងអាចរកបានប្រាក់ច្រើនពីគ្រាប់គជ់នេះ និងមានអារម្មណ៍ថា ពិតជាសំណាង» លោក Monthian ថ្លែងដូច្នេះ។
គជ់ខ្យង Melo កកើតឡើងនៅក្នុងសម្បកខ្យងសមុទ្រមួយប្រភេទដែលគេហៅថា Melo Melo។ គជ់ប្រភេទនេះមិនអាចផលិតបានដោយបច្ចេកទេសចិញ្ចឹមបែបសិប្បនិម្មិតនោះឡើយ ដោយវាកកើតតែពីធម្មជាតិ និងកម្រត្រូវបានរកឃើញខ្លាំងណាស់ ដូច្នេះហើយទើបវាមានតម្លៃថ្លៃ។ ខ្យង Melo Melo នេះ មានច្រើននៅសមុទ្រថៃ មីយ៉ានម៉ា កម្ពុជា និងវៀតណាម។
គជ់ខ្យង Melo មានច្រើនពណ៌ ដូចជា ពណ៌ទឹកក្រូច ពណ៌លឿងទុំ និងពណ៌ប្រផេះ។ ប៉ុន្តែ ពណ៌ទឹកក្រូចដូចទៅនឹងពណ៌គជ់ដែលលោក Monthian បានប្រទះឃើញគឺមានតម្លៃថ្លៃជាងគេ ព្រោះក្នុងចំណោមរាប់ពាន់ក្បាលគឺមានតែមួយក្បាលប៉ុណ្ណោះដែលមានគជ់។
នៅប្រទេសថៃ កាលពីខែមុន អ្នកនេសាទម្នាក់ឈ្មោះ Hatchai Niyomdecha នៅខេត្ត Nakhon Si Thammarat ក៏បានប្រទះឃើញគជ់ខ្យល់ Melo ពណ៌ទឹកក្រូចមួយគ្រាប់ផងដែរ ដែលវាមានទម្ងន់ 7.68 ក្រាម និងលក់ក្នុងតម្លៃដល់ទៅ 10 លានបាត (ស្មើនឹង 333,000 ដុល្លារអាមេរិក)៕
ប្រភព៖ Daily Mail