ក្រុមអ្នកស្រាវជ្រាវបានរកឃើញទម្រង់ជីវិតចម្លែកៗដែលស្ថិតនៅខាងក្រោមនៃបាតទឹកកកនៅប៉ូលខាងត្បូងរបស់ភពផែនដី និងមានចម្ងាយប្រមាណ 260 គីឡូម៉ែត្រពីសមុទ្រ។
ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអង់គ្លេសប្រចាំនៅប៉ូលខាងត្បូងនៃភពផែនដី បានរកឃើញសត្វជាច្រើននៅពេលពួកគេកំពុងប្រមូលសំណាកនៃស្នូលដីល្បាប់ពីខាងក្រោមផ្ទាំងទឹកកក Filchner-Ronne។ ពេលខួងដល់ជម្រៅ 900 ម៉ែត្រក្រោមផ្ទាំងទឹកកក ក្បាលខួងរបស់ពួកគេក៏បានប៉ះនឹងថ្ម pebble។ កាមេរ៉ាដែលភ្ជាប់នៅលើក្បាលខួងបានបង្ហាញថា មានបណ្ដុំសត្វមានជិវិតកំពុងតែតោងជាប់នឹងផ្ទៃរបស់ថ្ម។
បណ្ដុំសត្វទាំងនេះគឺជាប្រភេទមិនផ្លាស់ទី ដូចទៅនឹងប្រភេទ sponges ប៉ុន្តែ ពួកវាទំនងជាប្រភេទផ្សេងដទៃទៀតដែលមនុស្សមិនទាន់បានស្គាល់។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី 15 កុម្ភៈ នៅលើទស្សនាវដ្ដី Frontiers in Marine Science ការរកឃើញខាងលើនេះ រួមចំណែកក្នុងការយល់ដឹងរបស់មនុស្សអំពីជីវិតនៅលើផែនដី។
ការរុករកមុននេះក៏ធ្លាប់បានប្រទះឃើញសត្វមួយចំនួនដែលស៊ីចំណីរលួចជាអាហារ និងសត្វស៊ីសាច់ប្រភេទតូចៗដែលផ្លាស់ទីស្រដៀងនឹងត្រី ជន្លេន និងកំពឹស ឬលៀស។ ប៉ុន្តែ ការរកឃើញលើកនេះពិតជាគួរឱ្យភ្ញាក់ផ្អើល ព្រោះថា សត្វទាំងនេះមិនអាចផ្លាស់ទីនោះទេ ពោលគឺពួកវានៅមួយកន្លែង។ ក្រៅពីនេះ ពួកវាក៏នៅសែនឆ្ងាយពីផ្ទៃទឹក និងពន្លឺព្រះអាទិត្យ។ ពួកវារស់នៅក្នុងភាពងងឹតទាំងស្រុង និងមានសីតុណ្ហភាព -2.2 អង្សាសេ។
ការស្រាវជ្រាវបង្ហាញថា សត្វខាងលើរស់នៅឆ្ងាយពីប្រភពរស្មីសំយោគដែលនៅជិតបំផុត ប្រមាណជា 1,500 គីឡូម៉ែត្រ។ ប្រការនេះហើយ ធ្វើឱ្យក្រុមអ្នកស្រាវជ្រាវចោទជាសំណួរថា «តើពួកវាប្រមូលថាមពលពន្លឺ និងសារធាតុបំប៉នបានពីណា?»។
បណ្ឌិត Huw Griffiths ប្រធានក្រុមស្រាវជ្រាវខាងលើ បានឱ្យដឹងថា៖ «ការរកឃើញនេះបង្ហាញថា ជីវិតនៅប៉ូលខាងត្បូងពិតជាពិសេសអស្ចារ្យ និងមានភាពស៊ាំដ៏ល្អឥតខ្ចោះជាមួយនឹងពិភពទឹកកក។
ដើម្បីបានយល់អំពីដំណើរការនៃការចិញ្ចឹមជីវិតរបស់សត្វមានជីវិតទាំងនោះ ក្រុមអ្នកស្រាវជ្រាវត្រូវការពេលវេលាច្រើនទៀតដើម្បីសិក្សាស្វែងយល់បន្ថែម៕
ប្រភព៖ Live Science