កាលពីខែធ្នូ ឆ្នាំ 2020 តម្លៃរបស់ Bitcoin បានបំបែកឯតទគ្គកម្ម 20,000 ដុល្លារជាលើកដំបូង ក៏ប៉ុន្តែ ត្រឹមតែរយៈពេល 3 ខែក្រោយមក រូបិយប័ណ្ណអេឡិចត្រូនិកនេះ បានឡើងថ្លៃជាង 100% និងបន្តបង្កើតកំណត់ត្រាថ្មីមួយទៀត។
យោងតាមសារព័ត៌មាន CNN នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលតម្លៃរបស់ប្រាក់អេឡិចត្រូនិក Bitcoin បានកើនលើសពីខ្ទង់ 50,000 ដុល្លារ/Bitcoin។ នៅក្នុងការជួញដូរកាលពីថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2021 កន្លងទៅ ប្រាក់ Bitcoin បានឡើងថ្លៃដល់ 50,602.53 ដុល្លារអាមេរិក ពោលគឺខ្ពស់ជាង 260% ធៀបនឹងតម្លៃកាលពីដើមខែវិច្ឆិកា ឆ្នាំ 2021។
ការឡើងថ្លៃរបស់ Bitcoin ត្រូវបានក្រុមអ្នកវិភាគយល់ថា មកពីធនាគារកណ្ដាលអាមេរិក (FED) បានបញ្ចុះអត្រាការប្រាក់មកនៅជិត 0% និងរក្សាវាក្នុងរយៈពេលជាច្រើនឆ្នាំទៀតដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយប្រការទាំងនេះ បានធ្វើឱ្យតម្លៃរបស់ប្រាក់ដុល្លារអាមេរិកត្រូវចុះថោក នាំឱ្យក្រុមអ្នកវិនិយោគងាកមកជ្រកកោននៅក្នុងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដូចជាប្រាក់ Bitcoin ជាដើម។
ដោយសារតែបរិមាណ Bitcoin មានកំណត់ ដូច្នេះ ក្រុមអ្នកវិនិយោគជឿថា តម្លៃរបស់ប្រាក់អេឡិចត្រូនិកនេះនឹងនៅតែឡើងថ្លៃ។ ព្រោះតែតម្លៃរបស់ប្រាក់ Bitcoin ចេះតែបន្តបំបែកឯតទគ្គកម្មជាបន្តបន្ទាប់ ធ្វើឱ្យក្រុមអ្នកវិនិយោគធំៗ ក៏ដូចជាបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុ នាំគ្នាវិនិយោគទៅលើរូបិយប័ណ្ណនេះ ដែលប្រការនេះក៏ជួយឱ្យប្រាក់ Bitcoin បន្តឡើងថ្លៃ។
ក្រុមហ៊ុន MicroStrategy ដែលចូលចិត្តវិនិយោគទៅលើ Bitcoin បានឱ្យដឹងថា ក្រុមហ៊ុននេះនឹងខ្ចីប្រាក់ធនាគារចំនួន 600 លានដុល្លារបន្ថែមទៀត ដើម្បីបណ្ដាក់ទុនទៅលើប្រាក់ឌីជីថល Bitcoin។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនជាច្រើនក្នុងពិភពលោក ក៏កំពុងតែនាំគ្នាវិនិយោគ ប្រើប្រាស់ ឬគាំទ្រដល់ Bitcoin ក្នុងនោះមានដូចជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនគ្រប់គ្រង Mastercard រួមនឹងក្រុមហ៊ុន Square និង Paypal ជាដើម។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន CNN ឱ្យដឹងថា ការឡើងថ្លៃខ្លាំងរបស់ Bitcoin ក្នុងមួយរយៈពេលខ្លីមកនេះ ក៏បង្កប់នូវហានិភ័យទាក់ទងនឹងការធ្លាក់ថ្លៃ នៅពេលក្រុមអ្នកវិនិយោគរយៈពេលខ្លី សម្រេចចិត្តលក់ចេញដើម្បីរកចំណេញ៕
ប្រភព៖ CNN