ភ្នំពេញៈ គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តក្រុមហ៊ុនឯកជននានាដែលធ្វើការអភិវឌ្ឍលំនៅដ្ឋានសាធារណៈមានតម្លៃសមរម្យនោះជិតបញ្ចប់ហើយ និងរង់ចាំតែការអនុម័តពីទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា គោលនយោបាយនេះបានបញ្ចប់កិច្ចពិភាក្សាក្រុមការងារបច្ចេកទេសហើយ និងកំពុងរង់ចាំដាក់ឆ្លងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច។ លោកបន្តថា តាមរយៈគោលនយោបាយនេះរដ្ឋាភិបាលនឹងជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួនទៀតដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជន ដែលបានចូលរួមអភិវឌ្ឍលំនៅដ្ឋានសាធារណៈមានតម្លៃសមរម្យសម្រាប់លក់ជូនប្រជាពលរដ្ឋ។
លោកបន្តថា “រហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន2ហើយដែលបាននិងកំពុងរៀបចំវិនិយោគសាងសង់លំនៅដ្ឋានមានតម្លៃសមរម្យគឺក្រុមហ៊ុនWorld Bridge Land Group និងក្រុមហ៊ុន BM ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា ប៊ុន ជេស្ឋ ស្ថិតនៅតំបន់ព្រែកតាទែន ជាយក្រុងភ្នំពេញ។
ឆ្លើយតបនឹងសញ្ញាវិជ្ជមាននេះ កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន World Bridge Land Group ដែលបានចាប់ដៃគូជាមួយអ្នកវិនិយោគមកពីប្រទេសសិង្ហបុរីដើម្បីអភិវឌ្ឍលំនៅដ្ឋានដំបូងគេនៅកម្ពុជាស្ថិតនៅភាគខាងត្បូងក្រុងតាខ្មៅបានប្រកាសឲ្យអតិថិជនដែលបានចុះឈ្មោះទិញគម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុននេះរៀបចំឯកសារពាក់ព័ន្ធដើម្បីត្រួតពិនិត្យ និងអនុម័តមុនពេលពួកគេអាចទិញលំនៅដ្ឋានសាធារណៈដែលមានតម្លៃទាបនោះបាន។
លំនៅដ្ឋានសាធារណៈរបស់ក្រុមហ៊ុន World Bridge Land Group ផ្តោតលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅដែលមានប្រាក់ចំណូលទាបជាង500ដុល្លារក្នុងមួយខែ៕