គណៈកម្មការអន្តរក្រសួងថ្មីមួយត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឡើង ក្នុងបំណងសម្របសម្រួល និងពន្លឿនដំណើរការនៃគម្រោង និងការសាងសង់អាកាសយានដ្ឋានថ្មី ខ្នាតតំបន់នៅខេត្តមណ្ឌលគីរី ដែលជាការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។
សេចក្ដីសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ត្រូវបានចាត់តាំងជាប្រធាននៃគណៈកម្មការអន្តរក្រសួង ដែលមានសមាជិកជាន់ខ្ពស់ចំនួន 13 រូប។
គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចរៀបចំកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ និងសម្របសម្រួល ផ្ដល់អនុសាសន៍ ពន្លឿនការអនុវត្ត ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើគម្រោង ក៏ដូចជាការសាងសង់ប្រលានយន្តហោះ នេះបើតាមសេចក្ដីសម្រេចមួយដែលត្រូវបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន កាលពីសប្ដាហ៍មុន។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការ អនុញ្ញាតឱ្យរៀបចំគម្រោងសាងសង់អាកាសយានដ្ឋានថ្មីមួយនៅលើផ្ទៃដីប្រមាណ 600 ហិកតា ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។
សេចក្ដីប្រកាសរបស់ទីស្ដីការគណរដ្ឋមន្ត្រី ចុះថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 បានបញ្ជាក់ថា ក្រុមហ៊ុនចិនឈ្មោះ Powerchina International Group គឺជាអ្នកវិនិយោគ និងសាងសង់អាកាសយានដ្ឋាននេះ៕