កាលពីខែសីហា ឆ្នាំ2020 ក្រុមហ៊ុន Apple បានប្ដឹង Super Healthy Kids ដែលជាក្រុមហ៊ុនតូចមួយ ថាបានប្រើប្រាស់ Logo រូបផ្លែ Pear ធ្វើជាតំណាងឱ្យកម្មវិធីមួយរបស់ពួកគេ ដោយចោទប្រកាន់ថា មានរចនាប័ទ្មស្រដៀងគ្នាពេក។ បន្ទាប់ពីពាក្យបណ្ដឹង ត្រូវបានដោះស្រាយរួចរាល់ ក្រុមហ៊ុន Super Healthy Kids ដែលជាក្រុមហ៊ុនរៀបចំម្ហូបអាហារមួយ បានយល់ព្រមកែសម្រួលឡូហ្គោ រូបផ្លែ Pear សម្រាប់កម្មវិធីមួយនោះរបស់ខ្លួន។
ចំណែកឯ Apple ឯណោះវិញ ក៏សម្រេចចិត្តអនុញ្ញាត ឱ្យក្រុមហ៊ុន Super Healthy Kids បន្ដប្រើ Logo រូបផ្លែ Pear ធ្វើជាតំណាងសម្រាប់កម្មវិធី Prepear របស់ពួកគេដដែល ដោយគ្រាន់តែត្រូវកែត្រង់កន្លែងស្លឹករបស់វាចេញបន្តិចទៅបានហើយ។ នេះបើតាមការបញ្ជាក់របស់សហស្ថាបនិកកម្មវិធី Prepear។
សូមរំឭកដែរថា ជម្លោះនេះកើតឡើងដំបូង ដោយសារស្លាកសញ្ញារបស់កម្មវិធី Prepear បានបង្ហាញច្បាស់ៗថា ជារូបផ្លែ Pear ដែល Apple បានអះអាងថា ស្លាកសញ្ញារបស់កម្មវិធីមួយនេះមានការឌីហ្សាញ ជារូបផ្លែឈើដោយមានស្លឹក នៅផ្នែកខាងស្ដាំ អាចធ្វើឱ្យអតិថិជន យល់ច្រឡំថា ជាស្លាកសញ្ញារបស់ Apple៕