សារព័ត៌មាន Bloomberg បានរាយការណ៍ថា មូលនិធិវិនិយោគតម្លៃ 150 ពាន់លានដុល្លាររបស់ធនាគារ Morgan Stanley កំពុងពិចារណាលើការបណ្ដាក់ទុនទៅលើ Bitcoin ដែលនេះក៏ជាកត្តាមួយជំរុញឱ្យ Bitcoin ឡើងថ្លៃកប់ពពក។
ប្រាក់ឌីជីថល ឬប្រាក់អេឡិចត្រូនិក Bitcoin ទើបតែបង្កើតបានឯតទគ្គកម្មថ្មីមួយទៀត ដោយតម្លៃរបស់វាឡើងដល់ 49,000 ដុល្លារក្នុងមួយ Bitcoin ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
តម្លៃរបស់ប្រាក់ឌីជីថលធំជាងគេបង្អស់ក្នុងពិភពលោកនេះ បានហក់ឡើងដល់ 49,433 ដុល្លារក្នុងមួយ Bitcoin ប៉ុន្តែក្រោយមកក៏បានធ្លាក់មកនៅត្រឹម 49,202 ដុល្លារនៅវេលាម៉ោង10 និង 20នាទីព្រឹក នៅទីក្រុងឡុងដ៍។ ជាសរុប តម្លៃរបស់ Bitcoin បានកើនឡើងប្រមាណ 70% រាប់ចាប់ពីដើមឆ្នាំ 2021។ គូប្រជែងរបស់ Bitcoin គឺប្រាក់អេឡិចត្រូនិក Ether ក៏បានបំបែកឯតទគ្គកម្មរបស់ខ្លួន និងបានឡើងថ្លៃប្រហែល 150% ចាប់តាំងពីដើមឆ្នាំ។
ក្នុងអំឡុងច្រើនខែកន្លងទៅ ប្រាក់ Bitcoin ទទួលបានការគាំទ្រពីក្រុមអ្នកវិនិយោគជាច្រើនដូចជា Paul Tudor Jones និង Stan Druckenmiller ជាដើម។ ថ្មីៗនេះ Bloomberg បានចុះផ្សាយថា មូលនិធិវិនិយោគតម្លៃ 150 ពាន់លានដុល្លាររបស់ធនាគារ Morgon Stanley កំពុងតែពិចារណាលើការបោះទុនទៅក្នុងប្រាក់ Bitcoin ខណៈកាលពីសប្ដាហ៍មុន ធនាគារ BNY Mellon ក៏បានឱ្យដឹងថា កំពុងតែរៀបចំគម្រោងអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនជួញដូរដោយប្រាក់ឌីជីថលផងដែរ។ បន្ទាប់មកទៀត ក៏មានដំណឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បណ្ដាក់ទុនប្រមាណ 1.5 ពាន់លានដុល្លារអាមេរិកទៅក្នុង Bitcoin៕
ប្រភព៖ Bloomberg