ខ្សែប្រយុទ្ធជម្រើសជាតិថៃ Siroch Chatthong វ័យ 28ឆ្នាំ បច្ចុប្បន្នកំពុងតែលេងឱ្យក្លិប BG Pathum United របស់លីគកំពូលថៃ ត្រូវបានសារព័ត៏មានដ៏គួរឱ្យទុកចិត្តមួយរបស់ប្រទេសថៃ ប្រកាសថារូបគេនឹងផ្ទេរមកកាន់ក្លិបមួយ នៃលីគកំពូលកម្ពុជា សម្រាប់រដូវកាល2021 ដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ។ ចំពោះប្រភពដ៏ជិតស្និទ្ធ បានប្រកាសថា គឺជាក្លិបខេត្តព្រៃវែង ដោយសារតែក្លិបមួយនេះ ទើបតែប្រកាសកីឡាករបរទេសរបស់ខ្លួនបានម្នាក់ប៉ុណ្ណោះ ហើយក៏ទើបតែនាំចូលនូវគ្រូបង្វឹកជម្រើសជាតិថៃមកទៀតផង។
គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធ Siroch Chatthong វ័យ 28ឆ្នាំ បានចូលរួមជាមួយជម្រើសជាតិ ចាប់តាំងពីឆ្នាំ2016 ដោយបានជួយឱ្យថៃលើកពាន Suzuki Cup និងស៊ីហ្គេម នៅគ្រានោះផងដែរ។ Siroch Chatthong នេះផ្ទាល់ កំពុងពុំសូវមានឱកាសបង្ហាញខ្លួនជាមួយក្លិប ដែលកំពុងឡើងជើងនៅលីគកំពូលថៃ BG Pathum United ស្រាប់ ដោយស្ថិតនៅជម្រើសទី៤ បន្ទាប់ពីកីឡាករ Diogo, ខ្សែប្រយុទ្ធថៃទាំងពីរ Teerasil Daengda និង Chenrop Samphaodi៕