កាលពីថ្ងៃចន្ទ ទី8 កុម្ភៈ មានរបាយការណ៍ជាច្រើន បានចុះផ្សាយពីក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Co របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Kia Corp បាននិយាយថា ពួកគេមិនបានពិភាក្សាជាមួយក្រុមហ៊ុន Apple ស្តីពីការដំឡើងកម្មវិធីលើការផលិតរថយន្តទេ ដែលការណ៍នេះ បានបណ្តាលឱ្យភាគហ៊ុនរបស់ពួកគេធ្លាក់ចុះភ្លាមៗតែម្ដង។ ភាពមិនច្បាស់លាស់ នៃភាពជាដៃគូវិនិយោគរវាងគ្នានឹងគ្នា បានធ្វើឱ្យ Hyundai ធ្លាក់ចុះ 8.4% និងភាគហ៊ុនរបស់ Kia ធ្លាក់ចុះដល់ទៅ 15.3%។
Hyundai និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Kia បានបញ្ជាក់ថា ពួកគេមិនបានពិភាក្សាជាមួយ Apple ទាក់ទងនឹងការផលិតរថយន្តអគ្គិសនី និងរថយន្តអគ្គិសនី អាចបើកបើកបរដោយខ្លួនឯងនោះទេ។
ទោះមិនបានពិភាក្សានឹង Apple ក្ដី ប៉ុន្ដែក្រុមហ៊ុនទាំង2 ខាងលើ បានបញ្ជាក់ថា ពួកគេកំពុងតែពិភាក្សាគ្នា ជាមួយក្រុមហ៊ុនដទៃទៀតជាច្រើន អំពីគម្រោងផលិតរថយន្តអគ្គិសនី។ រីឯ Apple វិញកំពុងដាក់លុយវិនិយោគប្រមាណ 3.6ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Kia និងជិតឈានដល់ចុះកិច្ចព្រមព្រៀងគ្នា ក្នុងខែនេះទៀតផង។ លើសពីនេះទៀត Apple ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ត យ៉ាងហោចណាស់ចំនួន6 ដែរ សម្រាប់ការផលិតរថយន្តដែលប្រើចរន្តអគ្គិសនី និងបើកបរដោយខ្លួនឯង។
ការឆ្លើយតបទាំងនេះ ជាដំណឹងធ្វើឱ្យ Apple អាក់អន់ស្រពន់ចិត្តផងដែរ ដ្បិតអីកន្លងមក Hyundai ធ្លាប់បញ្ជាក់លើ Twitter ជាផ្លូវការម្ដងមកហើយថា គេកំពុងពិភាក្សានឹង Apple អំពីគម្រោងមួយនេះ គ្រាន់តែមិនទាន់មានសេចក្ដីសម្រេចណាមួយនៅឡើយប៉ុណ្ណោះ។
ដូចនេះ Apple នៅតែមិនទាន់មានដៃគូសហការច្បាស់លាស់នៅឡើយ លើគម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួន៕