Austin Russell គឺជាឈ្មោះមួយដែលអ្នកប្រហែលជាមិនទាន់បានស្គាល់នៅឡើយ ក៏ប៉ុន្តែ ក្នុងវ័យ 25 ឆ្នាំ កំលោះដែលមកពីរដ្ឋ California នៃសហរដ្ឋអាមេរិករូបនេះ បានក្លាយជាមហាសេដ្ឋីថ្មី និងជាមហាសេដ្ឋីដែលមានវ័យនៅក្មេងជាងគេបំផុតក្នុងពិភពលោក ដោយសារតែ Luminar Technologies ជាក្រុមបច្ចេកវិទ្យាថ្មីដែលមានជំនាញខាងអភិវឌ្ឍ និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាសម្រាប់រថយន្តបើកបរស្វ័យប្រវត្ត។
ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Luminar គឺជាបុគ្គលមួយរូបដ៏កម្រដែលអាចសន្សំទ្រព្យបានយ៉ាងច្រើននៅក្នុងពិភពរថយន្តក្នុងវ័យ 25 ឆ្នាំ។ Austin Russell បច្ចុប្បន្នជាមហាសេដ្ឋីដែលមានវ័យនៅក្មេងជាងគេបំផុតនៅក្នុងពិភពលោក។
Austin Russell បានប្រាប់ទស្សនាវដ្ដី Forbes ថា៖ «វាគឺជាការធ្វើដំណើរប្រកបដោយភាពតានតឹង និងហត់នឿយ។ល។ យើងត្រូវឆ្លងកាត់ឧបសគ្គជារៀងរាល់ថ្ងៃដើម្បីបានលទ្ធផលដូចបច្ចុប្បន្ន។ ប៉ុន្តែ ឱកាសនៃការរួចផុតពីភាពហត់នឿយទាំងឡាយ នោះគឺ រង្វាន់ដ៏អស្ចារ្យនៅពេលក្រុមហ៊ុនបានឈានជើងចូលទីផ្សារ និងរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO)»។
នៅក្នុងកិច្ចសម្ភាសប្រយោលមួយជាមួយនឹងទស្សនាវដ្ដី Forbes ពីការិយាល័យនៅទីក្រុង Palo Alto ក្នុងរដ្ឋ California លោក Austin Russell ថ្លែងថា៖ «ខ្ញុំនៅក្មេងគួរសម ប៉ុន្តែ បានក្រេបរសជាតិល្វីង ជូរ ចត់ និងទឹកភ្នែកអស់រយៈពេលជាយូរ។ សំណាងល្អណាស់ដែលខ្ញុំទទួលបានលទ្ធផលគួរជាទីពេញចិត្តយ៉ាងដូច្នេះ»។
Austin Russell កំពុងកាន់កាប់មូលបត្រប្រមាណ 107.7 លានហ៊ុន ស្មើនឹង 1/3 នៃភាគហ៊ុនសរុបរបស់ Luminar ដែលតម្លៃមូលធនសរុបរបស់ក្រុមហ៊ុននេះ ស្មើនឹង 2.4 ពាន់លានដុល្លារអាមេរិក។ ក្រុមអ្នកវិនិយោគរបស់ Luminar ក៏មានវត្តមានរបស់មហាសេដ្ឋី Peter Thiel ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនទូទាត់ប្រាក់ឌីជីថល Pay Pal (អាមេរិក) និងជាអ្នកដែលធ្លាប់បានផ្ដល់ជំនួយជាអាហារូបករណ៍តម្លៃ 100,000 ដុល្លារដល់បុគ្គលពូកែ ដើម្បីឱ្យពួកគេអាចបន្តតាមចាប់ក្ដីស្រមៃផ្ទាល់ខ្លួន។
ខាងលើនេះក៏ជាវិធីដែលមហាសេដ្ឋី Thiel ជួយដល់ Russell ក្នុងការបង្កើត Luminar។ ក្រៅពីនេះ Thiel ក៏ជាទីប្រឹក្សារបស់ Austin ផងដែរ ចាប់តាំងពីកំលោះនេះបានបោះបង់សាកលវិទ្យាល័យ Stanford (អាមេរិក) ដើម្បីបង្កើតក្រុមហ៊ុនកាលពីឆ្នាំ 2012។
Russell ក្លាយជាមហាសេដ្ឋីដោយរបៀបណា?
Russell ដែលជាបុគ្គលមួយរូបធ្លាប់បានបង្ហាញវត្តមាននៅក្នុងបញ្ជីឈ្មោះនៃក្រុមមនុស្សពូកែជាងគេទាំង 30 រូបដែលមានវ័យក្រោម 30 ឆ្នាំ របស់ Forbes កាលពីឆ្នាំ 2018 កំពុងតែបង្ហើយគម្រោង Lidar ដែលជាប្រព័ន្ធញាណសិប្បនិម្មិត ជួយឱ្យរថយន្តបើកបរស្វ័យប្រវត្ត «មើលឃើញ» បរិស្ថានជុំវិញដោយការបាញ់ពន្លឺឡាស៊ែរ។
យោងតាមគណៈកម្មការមូលបត្រ និងផ្សារហ៊ុនអាមេរិក (SEC) បរិមាណនៃការលក់ចេញរបស់ក្រុមហ៊ុន Luminar គឺបានត្រឹមតែ 15 លានដុល្លារប៉ុណ្ណោះនៅឆ្នាំ 2020 ប៉ុន្តេតួលេខនេះនឹងអាចកើនឡើងដល់យ៉ាងហោច 1.3 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2026។
មុនពេលក្លាយជាមហាសេដ្ឋី Russell ក៏ធ្លាប់ទទួលបានជោគជ័យច្រើនក្នុងជីវិត។ Forbes ឱ្យដឹងថា Russell ចាំមាត់យ៉ាងស្ទាត់នូវតារាងខួបនៃធាតុគីមី នៅពេលមានអាយុទើបតែ 2 ឆ្នាំ។
អាយុ 6 ឆ្នាំ Russell បានភ្ជាប់ម៉ាស៊ីនលេងហ្គេម Nintendo DS ទៅនឹងទូរស័ព្ទដៃឡើងវិញ បន្ទាប់ពីត្រូវបានប៉ានិងម៉ាក់ហាមឃាត់។ អាយុ 13 ឆ្នាំ Russell បានចុះបញ្ជីកម្មសិទ្ធិបញ្ញាលើកដំបូងរបស់ខ្លួន នោះគឺ ប្រព័ន្ធកែច្នៃទឹកដែលបានជ្រាបចូលក្នុងដី បន្ទាប់ពីត្រូវបានបញ្ចេញពីក្បាលទូយោ ដើម្បីកាត់បន្ថយការបាត់បង់ទឹក។
ជំនួសឱ្យការសិក្សានៅមធ្យមសិក្សា Russell បានចំណាយវ័យជំទង់របស់ខ្លួនក្នុងសាកលវិទ្យាល័យ California គឺនៅឯវិទ្យាស្ថានស្រាវជ្រាវ Lase Irvine Beckman។ ក្រោយមកក៏បានចូលសិក្សានៅសាកលវិទ្យាល័យ Stanford ប៉ុន្តែបានបោះបង់ទៅវិញ ក្រោយរៀនបានប៉ុន្មានខែប៉ុណ្ណោះ នៅពេលទទួលបានអាហារូបករណ៍តម្លៃ 100,000 ដុល្លារពីមហាសេដ្ឋី Thiel។ បន្ទាប់ពីទទួលបានប័ណ្ណបើកបរភ្លាម Russell ក៏បើកក្រុមហ៊ុន Luminar ភ្លាម។
អនាគតរបស់ Russell និង Luminar
Russell មានការជឿជាក់យ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធ Lidar ដោយអះអាងថា វាមានសក្ដានុពលក្នុងការជួយសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ចររាចរណ៍ នៅក្នុងករណីប្រើប្រាស់រថយន្តបើកបរស្វ័យប្រវត្ត ឬប្រព័ន្ធជំនួយការបើកបរទំនើបដែល Volvo និងក្រុមហ៊ុនផលិតរថយន្តដទៃទៀតកំពុងប្រើប្រាស់។
ស្ថាបនិករបស់ Luminar ប្រកាសថា៖ «នៅពេល Lidar ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលធានាសុវត្ថិភាពសម្រាប់រថយន្ត ត្រូវបានប្រើប្រាស់ពាសពេញពិភពលោក នោះក៏ជាពេលដែលខ្ញុំមានទំនុកចិត្តបំផុតដើម្បីអះអាងថា យើងបានសម្រេចគោលដៅដែលបានកំណត់»៕
ប្រភព៖ Forbes