Skip to content

ផ្លែ​មៀន​ខ្មែរ មាន​តម្រូវការ​ទីផ្សារ​ខ្លាំង​ជាង​ផ្លែ​មៀន​នាំចូល​ពី​ក្រៅប្រទេស

ភ្នំពេញ៖ ជាទូទៅ​មៀន​ខ្មែរ​មិនមាន​ផ្លែ​គ្រប់​រដូវ​កាល​ដូច​មៀន​នាំចូល​ពី​ប្រទេស​វៀតណាម នោះទេ ដោយសារតែ​កសិករ​ខ្មែរ មិន​និយម​បាញ់ថ្នាំ​ឱ្យមៀន​ចេញ​ផ្លែ​គ្រប់​រដូវ​កាល ដើម្បី​កុំឱ្យ​មាន​ជាតិគីមី និង​ងាយស្រួល​លក់​នៅលើ​ទីផ្សារ។

ជាទូទៅ​មៀន​ខ្មែរ​ត្រូវបាន​គេ​សម្គាល់ថា មាន​សាច់​ក្រាស់​ស្ងួត​ល្អ មាន​ផ្លែធំៗ និង​មាន​ក្លិនក្រអូប​ឈ្ងុ​ញ​គួរឱ្យ​ចង់​ទទួលទាន​ម្តង​ហើយ​ម្តងទៀត។ កសិករ​ដាំ​មៀន​នៅលើ​កោះ​រំដួល ស្រុក​ស្អាង ខេត្តកណ្តាល​ឱ្យដឹងថា មៀន​ខ្មែរ​ចាប់ផ្តើម​ឱ្យ​ផល​ចន្លោះ​ពី​ខែមិថុនា រហូតដល់​ខែកញ្ញា​រៀងរាល់ឆ្នាំ​ទើប​បេះ​ផ្លែ​វា​អស់ ហើយ​ដោយសារ​រសជាតិ​ឆ្ងាញ់ គ្មាន​ជាតិគីមី​នេះ មៀន​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ លក់​មិនដែល​សល់​ឡើយ រកតែ​ផ្លែ​ទុំ​បេះ​លក់​ឱ្យ​ម៉ូយ​មិនទាន់​ផង។

លោក អា ចាន់​ដា​រា កសិករ​ប្រក​បរបរ​ដាំ​មៀន​ជាង10ឆ្នាំមាន​ប្រសាសន៍ថា គ្រួសារ​លោក​ដាំ​នៅលើ​ផ្ទៃដី​ជាង40អា ដោយ​ដាំ​លាយ​ជាមួយ​បន្លែ​ស្អំ​នៅ​ពីក្រោម ហើយ​មៀន​ទាំងអស់​មាន​ចំនួន​តែ40ដើម​ប៉ុណ្ណោះ តែ​អាចជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់លោក​បាន​ប្រសើរ អាចមាន​លទ្ធភាព​សង់​ផ្ទះថ្ម​រស់នៅ​យ៉ាង​សមរម្យ និង​ផ្គត់​ផ្គត់​ការសិក្សា​របស់​កូន​បានគ្រប់ៗគ្នា​ទៀតផង។ លោក​បាន​បង្ហើប​អំពី​វិធីសាស្ត្រ​ដាំ និង​ថែទាំ​ផងដែរ​ថា មៀន​ចាប់តាំងពី​យើង​ដាំ​រហូត2ឆ្នាំ​ទើប​អាច​ទទួលបាន​ផល។ ដោយ​ដំបូង​ឡើយ គេ​ត្រូវយក​ដី​ដែល​ម៉ដ្ឋ​ល្អ​ស្រោច​ទឹក​ឱ្យ​សើម​ដាក់ចូល​ក្នុង​កន្ទោង រួច​យក​ផ្លែ​មៀន​ទុំ​មក​បកសម្បក​ចេញ និង​ញាត់​ចូល​កន្ទោង​ទុក​រហូតដល់​កូន​មៀន​អាយុ7ខែ មាន​កម្ពស់​ត្រឹម​ជង្គង់​ឬ​កន្លះ​ម៉ែត្រ​ទើប​យកទៅ​កាប់​រណ្តៅ​ដាក់​ដាំ។ លោក​បន្តថា​នៅលើ​កោះ​រំដួល​នេះ មៀន​ដាំ​មិនបាច់​ប្រើ​ជី​ឬក៏​បាញ់ថ្នាំ​នោះទេ ដាំ​តាម​គោលការណ៍​ធម្មជាតិពិតៗ ដោយ​គ្រាន់តែ​ស្រោច​ទឹក​ក្នុង1អាទិត្យ​ប្រមាណ2ដង​ប៉ុណ្ណោះ។ បន្ទាប់ពី​ដាំ​បាន1ឆ្នាំទៅ1ឆ្នាំកន្លះ គេ​អាច​ទទួលផល​បាន​ខ្លះ​ហើយ ដោយ​ក្រោយពី​ចេញ​ផ្កា​បាន​ប្រមាណ2ខែ ផ្លែ​មៀន​ទុំ​អាច​ប្រមូល​ផល​បានជាបណ្តើរៗហើយ។ បើតាម​ធម្មជាតិ មៀន​ចាប់ផ្តើម​ផ្លែ​ចន្លោះ​ពី​ខែមិថុនា ដល់​ខែកញ្ញា។ ហើយ​លោក​តែងកា​ច់លក់​នៅមុន​ថ្ងៃសីល1ថ្ងៃ ដែលមៀន​ចំនួន40ដើម​នេះ អាច​ប្រមូល​ផល​ម្តង​បាន80 ទៅ100គីឡូក្រាម ហើយ​មាន​ម៉ូ​យមក​ចាំ​ទទួលយក​ដល់ផ្ទះ​តែម្តង។

ចំណែកឯ​លោកយាយ ហុង ហោ អាយុ75ឆ្នាំ ដែលមាន​មៀន​ចំនួន80ដើម​ដែរនោះ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ដោយសារតែ​គាត់​មាន​វ័យ​ចំណាស់​ទៅហើយនោះ គាត់​មិនបានកា​ច់លក់​ខ្លួនឯង​ទេ គឺ​ម៉ៅ​ទៅឱ្យ​ម៉ូយ​ផ្តាច់​តែម្តង​ក្នុង1រដូវ​បាន2,500ដុល្លារ​ដែរ។ ដែល​អាចឱ្យ​គាត់​និង​ប្តី​របស់គាត់​រស់នៅ​បាន​សមរម្យ ខណៈដែលកូនៗទាំង5នាក់​បាន​រៀបការ​មានគ្រួសារ​បែក​ផ្ទះ​ទីទៃ​អស់ហើយ។

ឈ្មួញ​ដើរ​ប្រមូល​ទិញ​មៀន2នាក់ គឹ​កញ្ញា​ស្រី​ភា និង​ណា​រី បាន​ប្រាប់​ដែរ​ថា ពួកនាង​តែង​មក​ម៉ៅ​ទិញ​មៀននៅ​កោះ​រំដួល​នេះ​ជា​រៀងរាល់ឆ្នាំ ដោយ​ការ​មៅ់​នោះ គឺ​យើង​ម៉ៅ​បែប​ឱ្យប្រាក់​ទៅ​ម្ចាស់​ចម្ការ​តាំងពី​មៀន​ចេញ​ផ្កា​មកម្ល៉េះ ហើយ​ត្រូវ​មើលថែ​ដោយ​ខ្លួនឯង និង​អាច​បេះ​ផ្លែ​បានតែ1រដូវ​ប៉ុណ្ណោះ​ក្នុង1ឆ្នាំ។ ប្រសិនបើ​មៀន​ខ្លះ​ចេញ​ផ្លែ​នៅពេល​ក្រោយ​ទៀត (ផ្លែ​ច​ន្ល​ក់) គឺ​ត្រូវ​ម៉ៅ​ពី​ម្ចាស់​ម្តងទៀត ហើយ​មៀន​ទាំងអស់នេះ​គឺ​ដឹក​យកទៅលក់​នៅ​ផ្សារ​តាខ្មៅ និង​រាជធានី​ភ្នំពេញ ដោយ​លក់​ចេញ​ក្នុង1គីឡូក្រាម​ចន្លោះ​ពី8,000រៀល​ទៅ12,000រៀល តែបើ​រដូវចូលឆ្នាំ​ចិន​វិញ​នោះ គឺអាច​លក់បាន​ដល់​ទៅ20,000ទៅ25,000រៀល​ឯណោះ​ក្នុង​មួយ​គីឡូក្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *