យោងតាមសារព័ត៌មានក្នុងស្រុក រដ្ឋធានីប៉េកាំងនឹងចែកប្រាក់អេឡិចត្រូនិក 10 លានយុន ដល់ប្រជាជន តាមរយៈរូបភាពចាប់ឆ្នោត ក្នុងនោះ សំបុត្រអាំងប៉ាវនីមួយៗនឹងមានតម្លៃប្រហែល 200 យុន។
ដោយសារតែរងផលប៉ះពាល់ពី Covid-19 ទីផ្សាររបស់ចិនបានដាំក្បាលចុះ ដូច្នេះ អាជ្ញាធរក្រុងប៉េកាំងមិនអាចនៅស្ងៀមបាន នៅពេលពិធីចូលឆ្នាំប្រពៃណីជាតិជិតចូលមកដល់។ ទីក្រុងធំៗជាច្រើននៅប្រទេសនេះ បានសម្រេចចិត្តប្រើប្រាស់ប្រាក់អេឡិចត្រូនិកដែលរដ្ឋាភិបាលទើបតែបានដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ដល់អាំងប៉ាវដល់ពលរដ្ឋ ក្នុងបំណងជំរុញការចាយវាយ។
រដ្ឋធានីប៉េកាំងនឹងផ្ដល់អាំងប៉ាវជាប្រាក់អេឡិចត្រូនិកចំនួន 10 លានយុន ដែលស្មើនឹង 1.55 លានដុល្លារអាមេរិក តាមរយៈការប្រើប្រាស់រូបភាពចាប់លេខឆ្នោត ដែលក្នុងសំបុត្រអាំងប៉ាវនីមួយៗ មានតម្លៃស្មើនឹង 200 យុន ប្រហែលជិត 31 ដុល្លារអាមេរិក។
អ្នកដែលទទួលបានអាំងប៉ាវខាងលើនឹងអាចចាយវាយចាប់ពីថ្ងៃទី 10 ដល់ទី 17 ខែកុម្ភៈ ឆ្នាំ 2021 តាមរយៈសេវាកម្មលក់ដូរតាមអនឡាញដែលទូទាត់តាមអនឡាញ ដូចជាសម្លៀកបំពាក់ សំបុត្រកុន បញ្ជាទិញអាហារ ថ្លៃសណ្ឋាគារ។ល។
ក្រៅពីរដ្ឋធានីប៉េកាំង នៅឯទីក្រុង Suzhou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ក៏ផ្ដល់ប្រាក់អេឡិចត្រូនិក 30 លានយុនដល់ពលរដ្ឋ ខណៈទីក្រុង Shenzhen នៃខេត្ត Guangdong ក៏ផ្ដល់ 50 លានយុនផងដែរ។
ការប្រើប្រាស់ប្រាក់អេឡិចត្រូនិកនេះ មិនទាមទារឱ្យមានការភ្ជាប់ទៅនឹងគណនីធនាគារណាមួយនោះទេ អតិថិជនចុះឈ្មោះបង្កើតកាបូបលុយអេឡិចត្រូនិកដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណបើកបរ ឬមួយលេខទូរស័ព្ទក៏បាន៕