សៀវភៅអាចត្រូវបានគេចាត់ទុកថាជាអាវុធ ឬជាមធ្យោបាយដែលមិនអាចខ្វះបាននៅក្នុងជីវិត លើវិថីដែលឆ្ពោះទៅកាន់ភាពជោគជ័យរបស់ក្រុមកំពូលមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យានៃពិភពលោក។ ខាងក្រោមគឺជាសៀវភៅទាំងឡាយដែលក្រុមមហាសេដ្ឋីចូលចិត្តអាន។
លោក Bill Gates
អតីតប្រធានក្រុមហ៊ុន Microsoft គឺជាមហាសេដ្ឋីម្នាក់ដែលមានបណ្ណាល័យផ្ទាល់ខ្លួន និងបានអានសៀវភៅរាប់សិបក្បាលក្នុងមួយឆ្នាំៗ ព្រមទាំងមាន blog ផ្ទាល់ខ្លួនមួយផងដែរដើម្បីឧទ្ទេសនាមសៀវភៅដែលគួរអាន។ សៀវភៅដែលលោក Bill Gates អាន ភាគច្រើនគឺជាប្រភេទដែលនិយាយអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាជាក់ស្ដែង សេដ្ឋកិច្ច អប់រំ អភិវឌ្ឍអន្តរជាតិ សង្គមសាស្ត្រ ប្រវត្តិសាស្ត្រ ប្រវត្តិផ្ទាល់ខ្លួនរបស់បុគ្គល និងកំណត់ហេតុ។
សៀវភៅមួយក្បាលក្នុងចំណោមសៀវភៅដែលលោក Bill Gates និង Warren Buffett ចាប់អារម្មណ៍ នោះគឺ Business Adventures (អាថ៌កំបាំងបង្កើតអាជីវកម្ម) និង The Ride of a Lifetime (បកស្រែបណ្ដោះអាសន្នថា៖ ដំណើរជីវិត)។
CEO របស់ Amazon លោក Jeff Bezos
Jeff Bezos បានបង្កើត Amazon និងចាប់ផ្ដើមរកស៊ីដំបូងជាមួយនឹងការលក់សៀវភៅ ដូច្នេះ លោកប្រាកដជាបានអានសៀវភៅអស់រាប់រយក្បាលមកហើយក៏ថាបាន។ លោកក៏មានសៀវភៅជាច្រើនក្បាលដែលអាចយកមកណែនាំជូនមិត្តអ្នកអាន ក្នុងនោះ លេចធ្លោជាងគេនោះគឺសៀវភៅ Built to Last (បកប្រែក្រៅផ្លូវការថា៖ កសាងដើម្បីអនាគតយូរអង្វែង) និង The Remains of the Day (បកប្រែក្រៅផ្លូវការថា៖ សំណល់នៃថ្ងៃនោះ)។ ក្រៅពីនេះ សៀវភៅ The Black Swan (ក្ងានខ្មៅ) ក៏ត្រូវបានលោក ណែនាំឱ្យអានផងដែរ។
CEO របស់ Apple លោក Tim Cook
សៀវភៅដែល Tim Cook ធ្លាប់ចូលចិត្តអាន និងណែនាំឱ្យអាន នោះគឺ Competing Against Time (បកប្រែក្រៅផ្លូវការថា៖ រត់ប្រណាំងនឹងពេលវេលា) ឬ Mahatma Gandhi (មហាត្មះ គន្ធី) និង Bobby Kennedy ជាដើម។
CEO របស់ SpaceX និង Tesla លោក Elon Musk
កំពូលមហាសេដ្ឋី Elon Musk នៅតែមានពេលសម្រាប់អានសៀវភៅ បើទោះជាលោកគ្រប់គ្រងក្រុមហ៊ុនល្បីៗដល់ទៅពីរ និងចំណាយពេលវេលាសម្រាប់សំដែងមតិនៅលើ Twitter។ សៀវភៅដែលលោកចូលចិត្តអាន នោះគឺ Foundation ដែលនិយាយអំពីវិទ្យាសាស្ត្របែបស្រមៃ ឬប្រឌិត។
សៀវភៅ Benjamin Franklin: An American Life និង Einstein: His Life and Universe ដែលជាស្នាដៃនិពន្ធរបស់ Walter Isaacson ក៏លោក Musk ចូលចិត្តអានផងដែរ។
CEO របស់ Facebook លោក Mark Zuckerberg
CEO របស់ Facebook គឺជាមហាសេដ្ឋីវ័យក្មេង ដូច្នេះ សៀវភៅដែលលោកចូលចិត្តគឺជាប្រភេទដែលងាយស្រួលអាន បើធៀបនឹងសៀវភៅនានាដែលមហាសេដ្ឋីវ័យចំណាស់ៗចូលចិត្ត។ Mark Zuckerberg ចូលចិត្តអានសៀវភៅ Sapiens (ប្រវត្តិមនុស្សលោក) និង Creativity Inc. (បកប្រែក្រៅផ្លូវការថា៖ ពិភពច្នៃប្រឌិត) និងពិសេសគឺសៀវភៅ Ender’s Game៕