រោងចក្រផលិតរថយន្តជប៉ុនចំនួន2 នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលទើបនឹងបើកដំណើរការកាលពីពេលថ្មីៗ បានប្រកាសផ្អាកដំណើរផលិតកម្មរថយន្តរបស់ខ្លួនភ្លាមៗ បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីពេលដើមខែនេះ។
ក្រុមហ៊ុនធំៗទាំង 2នោះគឺ Suzuki Motor និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារបរិក្ខាររថយន្ត Denso Corp ដែលបានបោះទីតាំង និងវិនិយោគរាប់ពាន់លានដុល្លារ ហើយក៏ជារោងចក្រផលិតរថយន្តធំមួយ ក្នុងចំណោមរោងចក្រដទៃនៅតំបន់អាស៊ានផងដែរ។
នៅប្រទេសមីយ៉ាន់ម៉ា មានក្រុមហ៊ុនជប៉ុនច្រើនជាង400 មកបណ្ដាក់ទុនវិនិយោគ គិតតាំងពីខែឧសភា ឆ្នាំ2019។ មីយ៉ាន់ម៉ា មានចំណែកទីផ្សារជាង 60% នៃទីផ្សារផលិតផល Suzuki ដោយលក់ដាច់អស់ 13,200គ្រឿង កាលពីឆ្នាំ2019 កន្លងទៅ។
សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនជប៉ុនល្បីឈ្មោះ 1ទៀត គឺ Toyota Motor Corp ក៏មានគម្រោងមកវិនិយោគ និងបោះទីតាំងសង់រោងចក្រនៅខែកុម្ភៈនេះដែរ តែបានដកថយទៅវិញ ដោយសារតែស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងជ្រួលច្របល់៕