ជម្លោះផ្ទៃក្នុង និងការមិនចុះសម្រុងគ្នាក្នុងក្រុមបានផ្ទុះឡើងជាសាធារណៈ ក្រោយពីលោក Leonardo Vitorino បានប្រកាសពីការលុបឈ្មោះកីឡាករដ៏សំខាន់2នាក់ចេញពីក្រុមជម្រើសជាតិកម្ពុជា នៅមុនពេលជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងការប្រកួតជុំចុងក្រោយនៃពូល B នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី29 ក្នុងទីក្រុងគូឡាឡាំពួ នៅរាត្រីនេះ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលតាមរយៈការប្រកាសថា ខ្សែការពារសំអឿន ពិដោ និងខ្សែបម្រើច្រឹង ពលរដ្ឋ ត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម22ឆ្នាំ មុនពេលការប្រកួតនៅថ្ងៃនេះ ដោយហេតុផលនៃការមិនគោរពវិន័យ។ លោក Vitorino បានបញ្ជាក់នៅលើទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈបណ្តាញសង្គម Facebook ថា៖ «ពិតណាស់ អ្នកទាំងអស់គ្នាមិនពេញចិត្តទៅនឹងលទ្ធផល ហើយក្នុងនាមជាគ្រូបង្វឹក ខ្ញុំក៏មិនសប្បាយចិត្តដែរ។ ដើម្បីជាប់ក្នុងក្រុមជម្រើសជាតិក្រៅពីសមត្ថភាពបច្ចេកទេស និងកាយសម្បទាហើយនោះ ការគោរពវិន័យគឺជារឿងដ៏សំខាន់បំផុត ឥរិយាបថ និងការប្តេជ្ញាចិត្តដ៏ល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ»។
គ្រូបង្វឹករូបនេះបានបន្តថា៖ «ក្រុមរបស់យើងពិតជាមានការខិតខំអស់ពីសមត្ថភាព ប៉ុន្តែពលរដ្ឋ និងពិដោ ត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិ។ ពួកគេត្រូវបានកាត់ចេញរយៈពេលមួយថ្ងៃមុនពេលក្រុមកម្ពុជា ប៉ះជាមួយនឹងឥណ្ឌូនេស៊ី ដោយសារតែបញ្ហាវិន័យ គឺពួកគេមិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមជម្រើសជាតិកម្ពុជា»។ លោក Vitorino បានបន្ថែមទៀតថា៖ «យើងត្រូវតែរួមគ្នាធ្វើការអភិវឌ្ឍកីឡាបាល់ទាត់របស់យើង ហើយវាដល់ពេលហើយសម្រាប់យើងក្នុងការរឹតបន្តឹងទៅលើវិន័យ»។ នេះគឺជាការប្រកាសដ៏ខកចិត្តមួយ ក្រោយពីក្រុមយុវជនកម្ពុជា មិនស្គាល់ឈ្នះសោះក្នុងយុទ្ធនាការស៊ីហ្គេមវគ្គចែកពូលមកទល់ពេលនេះ និងបានស៊ុតបាល់បញ្ចូលទីតែ1គ្រាប់គត់ ក្រោយពីចាញ់ក្រុមជម្រើសជាតិហ្វីលីពីន 2-០ កាលពីថ្ងៃបើកឆាក មុននឹងចាញ់ក្រុមជម្រើសជាតិវៀតណាម 4-1 ថៃ 3-០ និងទីម័រខាងកើត 1-០ ជាបន្តបន្ទាប់៕
កម្មវិធីប្រកួតនៅថ្ងៃនេះ
East Timor Vs Philippines ម៉ោង 3 រសៀល
Indonesia Vs Cambodia ម៉ោង 3 រសៀល
Thailand V Vietnam ម៉ោង 3 រសៀល