ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក កំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តយ៉ាងតិចចំនួន 6 អំពីកិច្ចសហការដើម្បីអភិវឌ្ឍរថយន្ត Apple Car ប៉ុន្តែពេលនេះ ទាំង Hyundai ទាំង Kia សុទ្ធតែបានច្រានចោលដំណឹងចចាមអារ៉ាមដែលថា ខ្លួននឹងសហការជាមួយ Apple។
យោងតាមសារព័ត៌មាន Bloomberg ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Kia Motors របស់ Hyundai សុទ្ធតែបានបញ្ជាក់ថា មិនបានពិភាក្សាអ្វីជាមួយនឹងក្រុមហ៊ុន Apple អំពីការសហការផលិតរថយន្តអគ្គិសនីដែលបើកបរដោយស្វ័យប្រវត្តិនោះទេ។ នេះគឺជាការអះអាងមួយដែលត្រូវបានធ្វើឡើងក្រោយមានដំណឹងចចាមអារ៉ាមជាច្រើនដែលត្រូវបានសារព័ត៌មាននានាចុះផ្សាយនាពេលកន្លងមក។
ប្រភពព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង កំពុងចរចាជាមួយក្រុមហ៊ុនជាច្រើនអំពីការអភិវឌ្ឍរថយន្តដើរដោយថាមពលអគ្គិសនី ប៉ុន្តែសេចក្ដីសម្រេចចុងក្រោយមិនទាន់ត្រូវបានប្រកាសនៅឡើយ។ Hyundai និយាយថា ទាំងនេះគ្រាន់តែជាការពិភាក្សាដំណាក់កាលដំបូងប៉ុណ្ណោះ។
ប្រភពព័ត៌មានមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg និយាយថា Apple បានផ្អាកការចរចាជាមួយនឹង Hyundai និង Kia កាលពីប៉ុន្មានសប្ដាហ៍មុន។ ក៏ប៉ុន្តែ សារព័ត៌មាន Nikkei បានអះអាងថា Apple កំពុងតែចរចាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តយ៉ាងតិចចំនួន 6 ទាក់ទងនឹងការអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនី Apple Car។
ផែនការរបស់ Apple សម្រាប់ការផលិតរថយន្តអគ្គិសនីកំពុងស្ថិតក្នុងភាពអាថ៌កំបាំង ក៏ប៉ុន្តែពួកគេកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង។ មូលហេតុគឺដោយសារ គម្រោង Apple Car មានសក្ដានុពលក្នុងការផ្លាស់ប្ដូរវិស័យឧស្សាហកម្មរថយន្ត ពោលគឺដូចទៅនឹងវិធីដែល iPhone និង iPods បានផ្លាស់ប្ដូរទីផ្សារទូរស័ព្ទយ៉ាងដូច្នោះដែរ៕
ប្រភព៖ Bloomberg