លោកស្រី Ngozi Okonjo-Iweala មកពីប្រទេសនីហ្សេរី (Nigeria) នឹងក្លាយជាស្ត្រីដំបូងគេ និងជាជនជាតិអាហ្វ្រិកដំបូងគេដែលដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយសារគូប្រជែងមកពីកូរ៉េខាងត្បូងបានដកខ្លួន។
លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង កាលពីថ្ងៃទី 5 កុម្ភៈ បានប្រកាសដកខ្លួនចេញពីការប្រកួតដណ្ដើមតំណែងអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក។ លោកស្រី Yoo Myung-hee និងលោកស្រី Ngozi Okonjo-Iweala គឺជាបេក្ខភាពចុងក្រោយនៅក្នុងការប្រជែងនេះ។
លោកស្រី Ngozi Okonjo-Iweala ដែលជាអ្នកសេដ្ឋកិច្ច និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ា ទទួលបានការគាំទ្រពីសមាជិកសំខាន់ៗរបស់ WTO មានដូចជា ចិន អឺរ៉ុប ជប៉ុន និងអូស្ត្រាលី។ ប៉ុន្តែ សហរដ្ឋអាមេរិកបែរជាគាំទ្របេក្ខភាព Yoo Myung-hee មកពីកូរ៉េខាងត្បូងទៅវិញ បណ្ដាលឱ្យការជ្រើសរើសជួបការលំបាក ដោយសារតែការជ្រើសរើសមេដឹកនាំថ្មី ទាមទារឱ្យមានការយល់ព្រមពីសមាជិកទាំងអស់នៃអង្គការនេះ។ ការជ្រើសរើសលោកស្រី Okonjo-Iweala អាចត្រូវចំណាយពេលច្រើនបន្ថែមទៀត ពោលគឺរហូតដល់អាមេរិកមានតំណាងថ្មី។
ការសម្រេចចិត្តដកខ្លួនរបស់លោកស្រី Yoo Myung-hee ត្រូវបានធ្វើឡើងក្រោយពីបានប្រឹក្សាយោបល់ជាមួយសហរដ្ឋអាមេរិក។ លោកស្រីថា WTO មិនមានមេដឹកនាំអស់ពេលជាយូរមកហើយ ចាប់តាំងពីលោក Roberto Azevedo បានចាកចេញពីតំណែងនេះកាលពីខែសីហា ឆ្នាំ 2020 ឆាប់ជាងមួយឆ្នាំបើធៀបនឹងផែនការ។ ការចាកចេញរបស់លោក Roberto Azevedo ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែល WTO កំពុងជាប់គាំងនៅក្នុងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។
អតីតរដ្ឋាភិបាលរបស់លោក Trump បានរិះយ៉ាងខ្លាំងក្លា និងមិនអើពើដល់តួនាទីរបស់អង្គការនេះ ក្នុងបំណងយកពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក ចិន និងអឺរ៉ុប។ ដូច្នេះ លោកស្រី Ngozi Okonjo-Iweala នឹងជួបការលំបាកខ្លាំងក្នុងការដោះស្រាយបញ្ហាទាំងឡាយខាងលើ។
លោកស្រី Ngozi Okonjo-Iweala បានធ្វើការឱ្យធនាគារពិភពលោក (WB) អស់រយៈពេល 25 ឆ្នាំ ក្នុងតួនាទីជាអ្នកសេដ្ឋកិច្ច និងអភិវឌ្ឍពិភពលោក។ ក្រោយមក បន្តិចម្ដងៗ លោកស្រីក៏បានឈានចូលទៅក្បែរតំណែងជាមេដឹកនាំនៃអង្គការ WTO។ លោកស្រីក៏ជាប្រធាន Gavi ដែលជាអង្គការមួយកំពុងជួយដល់ការចែកចាយវ៉ាក់សាំង Covid-19 នៅទូទាំងពិភពលោក និងទើបតែបានបញ្ចប់អាណត្តិរបស់លោកស្រី កាលពីខែធ្នូ ឆ្នាំ 2020៕
ប្រភព៖ CNN